ផែនដីជាភពពិសេសមួយនៅក្នុងចក្រវាឡដោយសារតែវាជាភពដែលមានមនុស្សរស់នៅ ហើយក្រៅពីនេះបើអ្នកមើលជុំវិញផែនដី នោះអ្នកនឹងឃើញថាផែនដីមានអ្វីដែលអាថ៌កំបាំងជាច្រើនទៀតដែលធ្វើឲ្យអ្នកមានភាពភ្ញាក់ផ្អើល។ អ្នកនឹងអាចឃើញអ្វីដែលគួរឲ្យចាប់អារម្មណ៍ ចម្លែក និងមិនអាចពន្យល់បានផងដែរ។ នៅក្នុងអត្ថបទនេះនឹងលើកយកទីកន្លែងមានភាពចម្លែកខុសធម្មតាដ៏អស្ចារ្យទាំង១០លើផែនដី ដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តសុញគំនិត។

Zone of Silence ឬ Zona de Silencio តំបន់ដែលនាឡិកាឈប់ដើរ សញ្ញាវិទ្យុបែរជាត្រឡប់ត្រឡិនស្តាប់មិនបាន ហើយត្រីវិស័យចង្អុលខុសទិសដៅ

តំបន់នេះស្ថិតនៅក្នុងប្រទេសម៉ិចស៊ីកូ ហើយជាកន្លែងមួយដែលចម្លែកខុសធម្មតានៅលើផែនដីផងដែរ។ យោងតាមរបាយការណ៍ ហាក់គ្មានអ្វីមួយដែលបំពេញមុខងាររបស់ខ្លួនដោយត្រឹមត្រូវទេនៅក្នុងតំបន់នេះ។ ជាក់ស្តែងអ្នកវិទ្យាសាស្រ្តមិនអាចស្វែងយល់ថា ហេតុអ្វីបានជានាឡិកាឈប់ដើរ សញ្ញាវិទ្យុបែរជាត្រឡប់ត្រឡិនស្តាប់មិនបាន ហើយត្រីវិស័យចង្អុលខុសទិសដៅទៅវិញ។

Göbekli Tepe ប្រាសាទដែលចំណាស់ជាងគេបំផុតលើផែនដី

ប្រាសាទចំណាស់នេះស្ថិតនៅក្នុងប្រទេសតួគីបច្ចុប្បន្ន។ រចនាសម្ព័ន្ធបុរាណដ៏គួរឲ្យចាប់អារម្មណ៍នេះ គឺមានអាយុកាលចាស់ជាង Stonehenge ៦,៥០០ឆ្នាំ និងចាស់ជាងពីរ៉ាមីត ៧,០០០ឆ្នាំ ដូចនេះមានន័យថាប្រាសាទនេះត្រូវបានសាងសង់ឡើងតាំងពី១២,០០០ឆ្នាំមុន ដោយប្រជាជាតិអាថ៌កំបាំងមួយ។ អ្នកវិទ្យាសាស្រ្តនៅតែព្យាយាមស្វែងយល់ពីអត្ថន័យពិតប្រាកដរបស់ប្រាសាទមួយនេះ។

ទួលទំនាញផែនដី (Gravity Hills) ទីកន្លែងដែលទំនាញមិនមែនជាទំនាញ

ទីទួលនេះស្ថិតនៅក្នុងប្រទេសឥណ្ឌា ដែលនៅទីកន្លែងនេះ ប្រសិនបើអ្នកចតរថយន្តរបស់អ្នកទុកដោយដាក់ធម្មតានៅលើទួលនេះ នោះរថយន្តរបស់អ្នកនឹងចាប់ផ្តើមមានចលនាឡើងទៅផ្នែកខាងលើនៃទួល។ វាហាក់ដូចជាមានកម្លាំងអាថ៌កំបាំងដែលរុញរថយន្តរបស់អ្នកឡើងទៅលើទួល។

អណ្តាតភ្លើងដែលឆេះជាប់រហូតនៅក្រោមទឹកធ្លាក់

កន្លែងនេះស្ថិតនៅសហរដ្ឋអាមេរិក ដោយមានបាតុភូតចម្លែកមួយគឺដូចជាមានអណ្តាតភ្លើងឆេះជាប់រហូតនៅកណ្តាលទឹកធ្លាក់នេះ។ អ្នកវិទ្យាសាស្រ្តពន្យល់ថា វាអាចមានប្រហោងតូចៗនៅលើផ្ទាំងថ្មដែលបញ្ចេញនូវឧស្ម័នធម្មជាតិ ហើយបង្កឲ្យមានជាចំហេះឧស្ម័នឡើង។

ប្រាសាទFrangokastello ដែលមិនអាចពន្យល់បាន

ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយ Venetians នៅចន្លោះឆ្នាំ១៣៧១ដល់១៣៧៤។ វាត្រូវបានសាងសង់ជាយោធភូមិ ឬក្រុងដែលមានទ័ពការពារពួកអភិជន​Venetians និងដីរបស់ពួកគេ។ ប្រាសាទនេះត្រូវបានគេដាក់ឈ្មោះថា Castle of St. Nikitas ប៉ុន្តែអ្នកនៅក្នុងតំបន់ហៅថា Frangokastello មានន័យថាប្រាសាទរបស់Franks។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៨២៨ មានចម្បាំងប្រយុទ្ធដ៏ល្បីល្បាញមួយនៅប្រាសាទនេះ ដែលនៅពេលនោះពួកSfakiots និង Epirotes រាប់រយនាក់កាន់កាប់ទីកន្លែងនេះ ប៉ុន្តែក្រោយមកត្រូវបានហ៊ុមព័ទ្ធដោយពួកTurks។ ក្រោយមកទៀតពួកTurks ក៏ត្រូវបានសម្លាប់រង្គាលដោយពួក Ambushes។ នៅពេលដល់គម្រប់ខួបនៃការប្រយុទ្ធ មានស្រមោលចលនាទ័ពនៅលើប៉មបន្ទាយនាពេលទាបភ្លឺ។ រៀងរាល់ឆ្នាំក្នុងអំឡុងខែឧសភា តែងមានស្រមោលទ័ពប្រយុទ្ធគ្នានេះលើប៉មបន្ទាយ។ បាតុភូតនេះក៏ត្រូវបានគេសង្កេតមើល និងកត់ត្រាផងដែរ។​ ព្រឹត្តិការណ៍នេះកើតមានពេលទាបភ្លឺ សមុទ្រស្ងប់ សំណើមនៅក្នុងខ្យល់មានខ្ពស់ និងមានរយៈពេលប្រហែល១០នាទី។

តំបន់Bermuda Triangle

តំបន់នេះលាតសន្ទឹងប្រវែង៧០០គីឡូម៉ែត្រពី Florida និងកោះPuerto Rico ទៅBermuda។ ក្នុងរយៈពេល១០០ឆ្នាំកន្លងមក តំបន់នេះបានឆក់យកជីវិតមនុស្ស១,០០០នាក់ដោយគ្មានការពន្យល់។ ចំពោះហេតុការណ៍នៃការបាត់ខ្លួននៃនាវា និងយន្តហោះនៅតំបន់នេះ មានការពន្យល់ខុសៗគ្នា ខ្លះថាមកពីមនុស្សភពផ្កាយ ខ្លះថាមានពីរ៉ាមីតអាថ៌កំបាំង និងខ្លះថាជាបាតុភូតចម្លែកនៃអាកាសធាតុ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺឆ្មាំសមុទ្រអាមេរិក មិនចាត់ទុកតំបន់នេះថាមានគ្រោះថ្នាក់ខ្លាំងសម្រាប់នាវា ឬយន្តហោះនោះទេ។

ពីរ៉ាមីត

វាជាការពិតដែលមានពីរ៉ាមីតស្ទើរតែគ្រប់កន្លែងនៅលើផែនដី ហាក់ដូចជាមាននរណាម្នាក់ធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗក្នុងសម័យបុរាណ ហើយបង្គាប់ឲ្យសាងសង់ពីរ៉ាមីត និងសាងសង់ក្នុងទម្រង់លក្ខណៈបែបនេះ។ ហេតុអ្វីក៏ពីរ៉ាមីតនៅអាមេិកខាងត្បូង និងកណ្តាល ដូចគ្នាទៅនឹងពីរ៉ាមីតនៅអាស៊ី និងឥណ្ឌា? អ្វីជាគោលបំណងនៃការសាងសង់ពីរ៉ាមីត? ហេតុអ្វីក៏មានលក្ខណៈស្រដៀងគ្នាក្នុងចំណោមពីរ៉ាមីតរាប់ពាន់នៅលើផែនដី?

Dolmens ដូចពីរ៉ាមីតដែរគឺមានគ្រប់ទីកន្លែង

វាមានស្ទើរតែនៅគ្រប់ទ្វីបនៅលើផែនដី។ ហេតុអ្វីក៏មានច្រើនបែបនេះ ហើយហេតុអ្វីក៏ភាគច្រើនមានលក្ខណៈស្រដៀងគ្នា? នេះធ្វើឲ្យអ្នកជំនាញមិនអាចពន្យល់បានទាំងស្រុងនៅឡើយ។

ប្រស្នានៅពីក្រោយថ្ម Cochno Stone ដែលជាផែនទីផ្កាយសម័យបុរាណ

មានមនុស្សតិចណាស់ដែលបានលឺពីថ្មមានអាយុកាល ៥,០០០ឆ្នាំ ដែលមានសញ្ញាចម្លែកៗនេះ។ ថ្មដែលបង្កប់ដោយប្រស្នានេះត្រូវបានរកឃើញនៅឆ្នាំ១៨៨៧ ដោយមានស្នាមចម្លែកប្រហែល៩០។ អ្នកវិទ្យាសាស្រ្តមិនអាចកំណត់បានថា រូបសញ្ញាទាំងនោះមានន័យដូចម្តេច ហើយហេតុអ្វីក៏ភាគច្រើននៃរូបសញ្ញាទាំងនោះស្រដៀងទៅនឹងក្រុមផ្កាយនៅលើមេឃ? ដូចនេះហើយទើបគេថាវាជាផែនទីផ្កាយសម័យបុរាណ។

ប្រភព៖ Ancient-Code