យើងដឹងស្រាប់ហើយថាភាគច្រើននៃរថយន្តដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាគឺជាប្រភេទរថយន្តជជុះ ឬហៅថាមួយទឹក ហើយម៉ាករថយន្តដែលពេញនិយមជាងគេនោះគឺ Toyota និង Lexus ខណៈដែលម៉ូឌែលរថយន្តដែលពេញនិយមបំផុតនោះគឺ Toyota Camry ។

Toyota Camry មិនមែនទើបតែមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះទេ វាមានតាំងពីយូរណាស់មក ប៉ុន្តែយើងសង្កេតឃើញថាប្រជាជនកម្ពុជាមិនសូវជាហៅវាថា Camry នោះទេ ដោយបង្វែរហៅវាទៅតាមរូបរាងទៅវិញ ជាក់សម្ដែងដូចជា Camry 1997 ដល់ 2001 ហៅថា អាឆ្លាម, ចំណែកឯ Camry 2002 ដល់ 2006 ហៅថា បាឡែន ខណៈដែល Camry 2007-2011 ហៅថា ហៃប្រ៊ីដ ជាដើម ។

Camry
Camry 2003

សម្រាប់ Camry ស៊េរី 2007 ដល់ 2011 ដែលជាជំនាន់ XV40 នេះ ហាក់មានរឿងយល់ច្រឡំខ្លះៗពីសំណាក់ប្រជាជនកម្ពុជា ទាក់ទងនឹងរូបរាង និង ឈ្មោះរបស់វាជាដើម ។ ដើម្បីបកស្រាយការយល់ច្រឡំនេះ គេហទំព័រចង់ដឹង ក៏បានបង្កើតនូវអត្ថបទមួយនេះឡើង ដើម្បីជាចំណេះដឹងខ្លះទាក់ទងទៅនឹងរថយន្តប្រភេទនេះ ។ តោះស្វែងយល់ទាំងអស់គ្នា ៖

១ តើ Camry 2007 ដល់ 2011 នេះគួរតែហៅថា Camry ហៃប្រ៉ីដ ឬយ៉ាងណា ? 

ដោយទំនោរទៅរកការហៅតាមរូបរាងតាមម៉ូដែលចាស់ដូចជា ឆ្មាម បាឡែន ធ្វើប្រជាជនកម្ពុជាមួយចំនួនហៅ Camry 2007 ដល់ 2011 ថា Camry ហៃប្រ៉ីដ ។

ជាការពិតទៅ ពាក្យថា ហៃប្រ៉ីដ នេះគឺសំដៅទៅបច្ចេកវិទ្យាសន្សំសំចៃស៉ាំងរបស់ Toyota ដែលសរសេរជាភាសាអង់គ្លេស Hybrid ។ វាបច្ចេកវិទ្យាដែលធ្វើការយ៉ាងឆ្លាតវ័យក្នុងការឆ្លាសគ្នារវាងការប្រើប្រាស់ម៉ាស៊ីនស៉ាំង និង ម៉ូទ័រអគ្គិសនី ដែលវាធ្វើឲ្យការប្រើប្រាស់ស៉ាំងកាន់តែតិច ។ ហើយសម្រាប់ Toyota Camry 2007 គឺស៊េរីដំបូងបំផុតក្នុងសែស្រឡាយ Camry ដែលបានបំពាក់នូវបច្ចេកវិទ្យានេះ ។

បើទោះបីជាបែបនេះមែន មិនមែនមានន័យថាគ្រប់ Camry ស៊េរី 2007 ដល់ 2011 សុទ្ធតែបំពាក់នូវបច្ចេកវិទ្យា Hybrid នោះទេ យើងអាចចំណាំ Toyota Camry ស៊េរី 2007 ដល់ 2011 ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Hybrid នេះតាមរយៈ Logo រាងទ្រវែងតូចមួយដែលដាក់ថា Hybrid ដែលមាននៅលើរថយន្តនោះ ។

ដូចនេះការហៅថា Camry ហៃប្រ៉ីដសម្រាប់រថយន្តស៊េរី 2007 ដល់ 2011 មិនមែនសុទ្ធតែត្រឹមត្រូវនោះទេ សម្រាប់ប្រភេទដែលបំពាក់នូវ Hybrid វាមិនចោទជាបញ្ហានោះទេ ប៉ុន្តែតើយើងអាចហៅវាថា ហៃប្រ៉ីដដោយរបៀបណាបើសិនជា វាជាប្រភេទអត់មានបច្ចេកវិទ្យា Hybrid ផងហ្នឹង ?

២  Camry អាមេរិក និង Camry តៃវ៉ាន ?

តើអ្នកធ្លាប់ឮគេនិយាយថា Camry អាមេរិក និង Camry តៃវ៉ាន់ ដែរឬទេ ? មនុស្សមួយចំនួនតែងតែយល់ច្រឡំថា Camry អាមេរិក គឺជារថយន្តល្អ ខណៈដែល Camry តៃវ៉ាន់ មិនល្អ ឬ មិនមែន Camry សុទ្ធជាដើម។

នោះគ្រាន់តែជារឿងយល់ច្រឡំតែប៉ុណ្ណោះ ការពិតទៅសម្រាប់ Camry ជំនាន់ XV40 (2007 ដល់ 2011) នេះ Toyota បានរចនារូបរាងរបស់វាជាពីរខុសៗគ្នា គឺមួយសម្រាប់ទីផ្សារអាស៉ី ដែលហៅថា Prestige និងមួយទៀតសម្រាប់ទីផ្សារអាមេរិក និងប្រទេសមួយចំនួននៅអ៉ឺរ៉ុប ហៅថា Regular ។

សម្រាប់រូបរាងពីចំហៀងរបស់ Prestige និង Regular មិនសូវជាខុសគ្នាប៉ុន្មាននោះទេ អ្វីដែលខុសគ្នាខ្លាំងនោះគឺ ខាងមុខ និង ខាងក្រោយ ជាពិសេសរូបរាងនៃចង្កៀងបំភ្លឺផ្លូវខាងមុខ ស្ដុបខាងក្រោយ និង ប៉ាណា ចំណែកផ្ទៃខាងក្នុងក៏ត្រូវបានរចនាតាមរបៀបៀបផ្សេងគ្នាផងដែរ ។

Camry 2007 Regulare (ទីផ្សារអាមេរិក)
Camry 2007 Prestige (ទីផ្សារអាស៉ី)

ដូចនេះពាក្យថា Camry អាមេរិក នេះសំដៅទៅលើម៉ូដែល Regular ខណៈដែលតៃវ៉ានគឺសំដៅទៅលើ Prestige ។ ក៉ំបារម្ភ ទាំង Regular និង Prestige សុទ្ធតែរបស់សុទ្ធដូចគ្នា និងមានគុណភាពល្អដូចគ្នា វាខុសគ្នាត្រង់បច្ចេកវិទ្យា និង បរិក្ខាមួយចំនួនប៉ុណ្ណោះ ហើយការធ្វើខុសគ្នារបៀបនេះគឺដើម្បីឲ្យវាអាចសមស្របទៅតាមស្ថានភាពអាកាសធាតុ និង កត្តាផ្សេងៗទៀតទៅតាមតំបន់នីមួយៗតែប៉ុណ្ណោះ ។

៣ រូបរាងប៉ាណា (Grill) របស់ Camry 2007 ដល់ 2009 និង 2009 – 20011

ដោយសារតែចាប់ពីស៊េរី 2007 ដល់ 2011 វាស្ថិតនៅក្នុងជំនាន់ជាមួយគ្នាហេតុដូចនេះសម្រាប់រូបរាងរបស់វាពីមួយស៊េរីទៅមួយស៊េរីគឺមិនសូវជាខុសគ្នាប៉ុន្មាននោះទេ បើខុសវាអាចខុសត្រឹមរូបរាងចង្កៀងបំភ្លឺផ្លូវខាងមុខបន្តិច ស្ដុបបន្តិច ឬ រូបរាងរបស់ប៉ាណា (Grill) តែប៉ុណ្ណោះ ។

ហើយបើនិយាយអំពីការចំណាំវិញ​ប្រជាជនកម្ពុជាភាគច្រើន ច្រើនចំណាំទៅលើ ប៉ាណារបស់វាដើម្បីដឹងថាវាជាស៊េរីណាច្រើនជាងចំណាំទៅលើស្ដុប ឬ ចង្កៀងបំភ្លឺផ្លូវ ដោយសារតែ ប៉ាណារបស់វាផ្លាស់ប្ដូររូបរាងប្លែកៗពីគ្នាដែលងាយស្រួលជាងចំណាំ ស្ដុប និង ចង្កៀងបំភ្លឺផ្លូវ ។ សម្រាប់ម៉ូដែល 2007 ដល់ 2009 រូបរាងប៉ាណារបស់វាគឺនៅរក្សារូបរាងដដែល ខណៈដែលឡើងដល់ស៊េរី 2010 ប៉ាណារបស់វាក៏ត្រូវបានផ្លាស់ប្ដូរ

ប៉ុន្តែមនុស្សមួយចំនួនតូចនៅតែមានការយល់ចំឡំថា ប៉ាណារបស់ Camry 2010 និង 2011 គឺមានភាពខុសគ្នា ។ ការពិតទៅ ប៉ាណារបស់ Camry 2010 និង 2011 គឺមិនខុសគ្នានោះទេ ប៉ុន្តែចំពោះប៉ាណាដែលអ្នកទាំងនោះយល់ថាជាស៊េរី 2011 ការពិតវាជាប៉ាណារបស់ប្រភេទ Hybrid នៃស៊េរីទាំង ២ តែប៉ុណ្ណោះ ។

ដើម្បីឲ្យកាន់តែច្បាស់សូមមើលរូបភាពខាងក្រោម ៖

ប៉ាណា (Grill) របស់ ស៊េរី 2007 – 2009

ប្រភេទ ធម្មតា និង Hybrid

ប្រភេទ Sport (SE)

ប៉ាណា (Grill) របស់ ស៊េរី 2010 – 2011

ប្រភេទធម្មតា

ប្រភេទ Hybrid

ប្រភេទស្ព័រ (SE)

ចំពោះប៉ាណាដែលមានរូបរាងខុសពីនេះគឺជាប្រភេទ Custom Grill តែប៉ុណ្ណោះ ៕

រៀបរៀងដោយ បរិញ្ញា (គេហទំព័រចង់ដឹង)
ឯកសារយោង ៖ Toyota , Wikipedia , Car
ប្រភពរូបថត ៖ SE Google