តើ២០ឆ្នាំខាងមុខទៀត បច្ចេកវិទ្យាអនាគត និងពិភពលោកនឹងមានលក្ខណៈបែបណាទៅ? បច្ចេកវិទ្យាបន្តមានការវិវត្តន៍ក្នុងល្បឿនយ៉ាងលឿន និងបានផ្លាស់ប្តូរពិភពលោករបស់យើងបច្ចុប្បន្ន។ កាលពី២០ឆ្នាំមុន គ្មានអ្នកណាអាចមើលដឹងថាមនុស្សគ្រប់គ្នានឹងមានទូរស័ព្ទSmart Phone និងអ៊ិនធឺណេតដូចនេះទេ។ ក្នុងពេលឆាប់ៗ បច្ចេកវិទ្យានឹងវិវត្តន៍ទៅដល់ចំណុចមួយដែលផ្លាស់ប្តូរខ្លួនយើង និងរបៀបនៃការទំនាក់ទំនងជាមួយពិភពលោក។ តួយ៉ាងបច្ចេកវិទ្យាអនាគតទាំង២៥នេះ នឹងកាន់តែខិតជិតចូលមកដល់ជាងការគិតរបស់យើងទាំងអស់គ្នា។

25.  អ្នកនឹងអាចចូលទៅក្នុងគណនីផ្ទាល់ខ្លួន ដោយប្រើ ស្កេនខួរក្បាល (Brain Print)

យើងគ្រប់គ្នាបានដឹងហើយថា វិធីចូលទៅកាន់គណនីផ្ទាល់ខ្លួនកំពុងត្រូវបានផ្លាស់ប្តូរពីការប្រើ Password ទៅជាការប្រើស្នាមក្រយៅដៃ (Finger Print) និងការសម្គាល់មុខ ស្កេនប្រស្រីភ្នែក ( iris Scaner)។ ប៉ុន្តែគេកំពុងតែរកឃើញនូវគំនិតនៃការប្រើប្រាស់ប្រភេទPasswordថ្មីទៀត ដោយប្រើ Brain Print។

24. ការទំនាក់ទំនងរបស់យើងនឹងត្រូវបានបង្កើនបន្ថែមយ៉ាងច្រើន

របៀបនៃការទំនាក់ទំនងរបស់យើង និងការមើលឃើញពីពិភពលោក ត្រូវបានផ្លាស់ប្តូរដោយសារកាម៉េរាទូរស័ព្ទ Smart Phone។ ប៉ុន្តែនៅពេលអនាគត Contact Lenses ដែលមនុស្សពាក់នឹងភ្នែករបស់ខ្លួន នឹងមានកុំព្យូទ័រនៅខាងក្នុង ដើម្បីអាចឲ្យអ្នកទទួលព័ត៌មានជុំវិញអ្វីដែលអ្នកបានលឺ​ និងឃើញជុំវិញខ្លួនអ្នក។ ការទំនាក់ទំនងជមួយភោជនីយដ្ឋាន រោងកុន  និងសូម្បីតែមនុស្សនឹង នឹងមានការផ្លាស់បូរយ៉ាងខ្លាំង ដោយផ្តល់នូវសារ និងព័ត៌មានដែលមានលក្ខណៈផ្ទាល់ខ្លួន។

23. យើងនឹងមានការព្យាបាលដែលល្អប្រសើរជាងនេះចំពោះជំងឺមហារីក

នៅក្នុងពេលអនាគត យើងនឹងអាចព្យាបាលជំងឺមហារីកបានទាំងស្រុង ឬមានវិធីព្យាបាលប្រកបដោយប្រសិទ្ធភាព។ អ្នកស្រាវជ្រាវបានរកឃើញនូវបច្ចេកវិទ្យាជាច្រើនដើម្បីព្យាបាលវា ដូចជា Immunotherapy ។

22. ថ្មនឹងអាចប្រើបានយូរជាមុន

សម្រាប់បច្ចុប្បន្នបច្ចេកវិទ្យាថ្ម តាមមិនទាន់បច្ចេកវិទ្យាកុំព្យូទ័រនោះទេ ពោលគឺថ្មដែលសាកហើយមិនទាន់ប្រើបានយូរនៅឡើយទេ។ ជាដំណឹងល្អ អ្នកស្រាវជ្រាវបានរកឃើញនូវវិធីក្នុងការសាកថ្មឲ្យប្រើបានយូរជាងមុន។ វានឹងលែងមានទៀតហើយ ការសាកថ្មទូរស័ព្ទពីរដងក្នុងមួយថ្ងៃ។

21. អ្វីគ្រប់យ៉ាងនឹងត្រូវបានចងចាំនៅក្នុង Cloud

សម្រាប់បច្ចុប្បន្នវាជារឿងធម្មតាទៅហើយ ដែលCloud រក្សាទុកនូវការចងចាំរបស់កុំព្យូទ័រ ប៉ុន្តែប្រហែលនៅថ្ងៃណាមួយ យើងនឹងអាចរក្សាទុកការចងចាំរបស់មនុស្សនៅក្នុងCloud ដែរ។

20. យន្តហោះDrones នឹងដឹកជញ្ជូនការវេចខ្ចប់របស់អ្នកទៅដល់មុខទ្វារតែម្តង

Amazon បានដឹកជញ្ជូនការវេចខ្ចប់ទំនិញទៅឲ្យអតិថិជនដោយប្រើយន្តហោះ Drones រួចហើយ។ ខណៈដែលយន្តហោះ Drones មានលទ្ធភាពផ្ទុកនូវកញ្ចប់ទំនិញធ្ងន់ៗ វានឹងក្លាយជាវិធីដ៏ធំមួយសម្រាប់ការដឹកជញ្ជូនទំនិញទៅដល់មុខទ្វារ។

19. កុំព្យូទ័រតម្លៃ១,០០០ដុល្លារ នឹងមានថាមពលដូចខួរក្បាលមនុស្ស

ការដែលមនុស្សជាអ្នកដែលឆ្លាតបំផុតនៅលើផែនដី នឹងអាចបញ្ចប់ ព្រោះថាអ្នកវិទ្យាសាស្រ្ត និងអ្នកមើលពីអនាគត បានធ្វើការព្យាករណ៍ថា កុំព្យូទ័រតម្លៃ ១,០០០ដុល្លារ នឹងត្រូវបានបង្កើតឡើងដោយមានថាមពលដំណើរការដូចខួរក្បាលមនុស្សដែរ។

18. យើងនឹងមើលឃើញនូវស្ថាបត្យកម្មឈានមុខជាច្រើនទៀត

ស្ថាបត្យកម្មក្នុងពេលអនាគតនឹងមានការផ្លាស់ប្តូរខ្លាំង ហើយបច្ចុប្បន្នយើងក៏ឃើញមានខ្លះដែរនៅទីក្រុងឌូបៃ។ អគាររមូរខ្ពស់កប់ពពក សួនឧទ្យាននៅខាងក្នុងអគារ អគារមើលមិនឃើញ ប៉មដែលធន់នឹងមហន្តរាយធម្មជាតិ រោងចក្រថាមពលបៃតង នឹងមានពិតជាស្តែង។

17. យើងនឹងលែងមានបញ្ហាធាត់ខ្លាំង តាមរយៈការប្រើថ្នាំគ្រាប់

យើងបានលឺពីថ្នាំជាច្រើន ប៉ុន្តែមិនសូវជាមានប្រសិទ្ធភាពនោះទេ។ យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្តបានខិតខំបង្កើតនូវប្រភេទថ្នាំដែលផ្លាស់ប្តូរនូវរបៀបដែលរាងកាយរំលាយខ្លាញ់ ដែលនេះនឹងជួយលុបបំបាត់នូវបញ្ហាធាត់ខ្លាំង។

16. រឿងនៅរោងភាពយន្តនឹងជារឿងតាមការគិតរបស់អ្នក

នៅក្នុងពេលខាងមុខ ពេលមើលភាពយន្តក្នុងរោងភាពយន្ត អ្នកនឹងពាក់ Headset ដែលអាចស្កេននូវអារម្មណ៍ និងគំនិតរបស់អ្នក។ នេះនឹងអាចឲ្យអ្នកគ្រប់គ្រងសាច់រឿង និងផ្លាស់ប្តូរវាដោយផ្អែកលើអ្វីដែលអ្នកមានអារម្មណ៍ និងគិត។

15. យន្តហោះល្បឿនលឿនដែលអាចទៅដល់គ្រប់គោលដៅក្នុងរយៈពេលក្រោម៤ម៉ោង

នៅក្នុងពេលអនាគត គ្រប់យន្តហោះនឹងមានសមត្ថភាពក្នុងការនាំអ្នកទៅកាន់គោលដៅក្នុងពេលត្រឹមតែបួនម៉ោង ឬក៏តិចជាងនេះ។ បច្ចុប្បន្ន យន្តហោះប្រភេទនេះកំពុងតែត្រូវបានអភិវឌ្ឍន៍ហើយ។

14. ទូរស័ព្ទរបស់យើងនឹងកាន់តែស្តើងជាងនេះ

ក្នុងពេលឆាប់ៗ ទូរស័ព្ទSmartphoneភាគច្រើន នឹងដូចជាបន្ទះកញ្ចក់ស្តើងមួយ។វានឹងមានភាពធន់ខ្ពស់ មានភាពបត់បែន និងមិនងាយនឹងបែក ឬខូចនៅពេលដែលអ្នកធ្វើធ្លាក់វា។

13. ការទទួលការវិភាគវេជ្ជសាស្រ្តតាមរយៈទូរស័ព្ទSmartphone

បច្ចុប្បន្នប្រសិនបើមានអ្វីមិនស្រួលផ្នែកសុខភាព គេទៅគ្លីនិកជួបវេជ្ជបណ្ឌិត។ ប៉ុន្តែអនាគតនឹងមានកម្មវិធី (Apps) ដែលមានសមត្ថភាពក្នុងកាវិភាគជំងឺ និងចេញវេជ្ជបញ្ជាសម្រាប់ជំងឺរបស់យើង។

12. ស្បែកសិប្បនិម្មិតដែលមានសមត្ថភាពអាចទទួលអារម្មណ៍នឹងអាចយកមកគ្របដណ្តប់ជំនួស

រឿងប្រឌិតខាងវិទ្យាសាស្រ្ត (Star Wars) ដែល Luke កាត់ដៃរបស់ខ្លួន ហើយជំនួសដោយដៃសិប្បនិម្មិត នឹងអាចក្លាយជាវិទ្យាសាស្រ្តដែលមានពិត។

11. រថភ្លើងល្បឿនលឿនខ្លាំងដែលធ្វើដំណើរពី San Francisco ទៅ Los Angeles ក្នុងពេលត្រឹមតែ៣០នាទី

គំនិតនៃការបង្កើតរថភ្លើងប្រភេទនេះ Hyperloop Train ត្រូវបានស្នើឡើងជាលើកដំបូងដោយ Tesla CEO Elon Musk។

10. យើងនឹងយល់កាន់តែច្រើនជាងមុនពីធាតុខ្មៅ (Dark Matter) និងចក្រវាឡរបស់យើង

យើងបានដឹងពីវត្តមាននៃធាតុខ្មៅ ប៉ុន្តែយើងនៅមិនទាន់ដឹងអស់ពីអាថ៌កំបំាងរបស់វានោះទេ។ មានអ្នកខ្លះជឿថា យើងនឹងអាចយល់ច្បាស់ពីអាថ៌កំបាំងរបស់វាក្នុងពេល១០ឆ្នាំទៀត ហើយការយល់នេះនឹងផ្លាស់ប្តូរនូវរូបវិទ្យាទាំងស្រុង ព្រមទាំងជួយយើងយល់ពីចក្រវាឡរបស់យើង។

9. នឹងមានមនុស្សគ្រប់គ្រងនៅលើភពព្រះចន្ទ

អ្នកវិទ្យាសាស្រ្តជាច្រើនជឿថា ការគ្រប់គ្រងលើភពព្រះចន្ទនឹងជួយយើងក្នុងការសម្រេចនូវជំហានបន្ទាប់នៃការគ្រប់គ្រងភពអង្គារ។ NASA គិតថាអាចនឹងមានការគ្រប់គ្រងលើភពព្រះចន្ទនៅឆ្នាំ២០២០។

8. មួយចំនួននៃមនុស្សនឹងមានវត្តមានក្នុងពិភពឌីជីថលទាំងស្រុង

អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្តកំពុងស្វែងរកនូវវិធី upload ចិត្តអារម្មណ៍ និងស្មារតីទៅក្នុងកុំព្យូទ័រ។ ប្រសិនបើវាអាចសម្រេចបាន នោះវាអាចទៅរកការដែលមនុស្សមួយចំនួននឹងផ្ទេរខ្លួនឯងចូលទៅក្នុងពិភពឌីជីថល។

7. សរីរាង្គនឹងលូតលាស់នៅក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត

ការបណ្តុះសរីរាង្គកំពុងតែស្ថិតនៅក្នុងជំហានដំបូងនៃការអភិវឌ្ឍ និងការស្រាវជ្រាវ។ អ្នកវិទ្យាសាស្រ្តបានបណ្តុះរួចហើយនូវបេះដូងមនុស្ស។ ក្នុងពេលអនាគត គេនឹងអាចបណ្តុះនូវសរីរាង្គថ្មី ហើយដាក់វាចូលទៅក្នុងរាងកាយរបស់មនុស្ស។

6. ទាហាននឹងមានឈុតអាវក្រោះ ឬសព្វាវុធដូចជា Iron Man

ទោះបីជាមិនដូចគ្នាទាំងស្រុងនឹង Iron Man នៅក្នុងរឿង ទាហាននឹងមានឈុតដែលស្រដៀងនឹង Iron Man ដើម្បីការពារខ្លួនរបស់ពួកគេពេលប្រយុទ្ធ ហើយវាក៏នឹងផ្តល់ឲ្យពួកគេមានសមត្ថភាពប្រយុទ្ធលើសពីកម្លាំងផ្ទាល់របស់គេ។

5. ថាមពលព្រះអាទិត្យនឹងផ្តល់ថាមពលស្ទើរតែដល់របស់គ្រប់យ៉ាង

ថាមពលព្រះអាទិត្យកំពុងតែត្រូវបានគេប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពជាងធ្យូងថ្ម ប្រេង និងឧស្ម័ន ហើយវានឹងក្លាយជាប្រភពថាមពលចម្បងនៅក្នុងពិភពលោក ខណៈដែលបច្ចេកវិទ្យាកាន់តែវិវត្តន៍ទៅមុខ។

4. មនុស្សមួយចំនួនអាចនឹងប្រើJetpack ជាមធ្យោបាយធ្វើដំណើរ

ជាយូរមកហើយ Jetpack គ្រាន់តែជាសុបិន្ត និងមានតែក្នុងរឿងបែបវិទ្យាសាស្រ្ត និងប្រលោមលោក។ ប៉ុន្តែកាលពីឆ្នាំមុន គេបានបង្កើតនូវ Jetpackដែលដំណើរការបាន។ នៅពេលដែលបច្ចេកវិទ្យាអភិវឌ្ឍន៍ វានឹងក្លាយជាមធ្យោបាយធ្វើដំណើរសម្រាប់មនុស្សជំនាន់ក្រោយ។

3. សំលៀកបំពាក់របស់យើងនឹងធ្វើការបោកសំអាតដោយខ្លួនឯង

មិនយូរទៀតទេ យើងនឹងមិនចាំបាច់បោកសំលៀកបំពាក់ ហើយយកទៅហាលនោះទេ។ ជាមួយនិងបច្ចេកវិទ្យា Nanofiber and Self-Cleaning សំលៀកបំពាក់របស់យើងនឹងធ្វើការបោកសំអាតដោយខ្លួនវាជាមួយនិងថាមពលព្រះអាទិត្យ។

2. បច្ចេកវិទ្យា Nanotechnology នឹងធ្វើការព្យាបាលជំងឺ ហើយផ្តល់ឲ្យមនុស្សនូវសមត្ថភាពថ្មី

បច្ចេកវិទ្យានេះមានលទ្ធភាពស្វែងរកកោសិកាមហារីក ព្យាបាលជំងឺ និងបំពេញតួនាទីដូចជាវេជ្ជបណ្ឌិត។ វាក៏អាចក្លាយជាស្រទាប់ការពារថ្មីនៅលើស្បែករបស់យើង។

1. មនុស្សជំនាន់ថ្មីនឹងឆ្លាតវៃខ្លាំង និងមានភាពឈានមុខខាងសែន

សព្វថ្ងៃ មានឧបករណ៍ CRISPR ដែលផ្តល់ឲ្យអ្នកវិទ្យាសាស្រ្តនូវវិធីដ៏លឿនជាងមុនក្នុងការពិនិត្យផ្ទៀងផ្ទាត់មើលនូវសែនទាំងអស់ក្នុងប្រភេទតែមួយរបស់មនុស្ស។ អនាគត គ្រូពេទ្យនឹងអាចផ្តល់ឲ្យឪពុកម្តាយនូវសមត្ថភាពក្នុងដកចេញនូវបញ្ហាក្នុងDNAកូនរបស់ពួកគេ។ វាក៏នឹងជួយឲ្យពួកគេបន្ថែមនូវអត្ថប្រយោជន៍ផងដែរ ដែលនេះនឹងធ្វើឲ្យក្មេងជំនាន់ក្រោយខុសគ្នាយ៉ាងខ្លាំងពីអ្នកជំនាន់មុន ឬឆ្លាតវៃជាងអ្នកជំនាន់មុន។

ប្រភព៖ List25