បុរសម្នាក់បានអះអាងថាបានធ្វើដំណើរឆ្លងកាត់ចក្រវាឡតាំងពីអាយុ៥ឆ្នាំ ដោយព្រលឹងរបស់លោកបានចេញពីរាងកាយ ហើយធ្វើដំណើរដោយសេរីនៅក្នុងចក្រវាឡ។

បើយោងតាមសម្ដីរបស់លោក លោក Todd Acamesis ដែលបានអះអាងថា លោកធ្លាប់មានបទពិសោធន៍ព្រលឹងនៅក្រៅរាងកាយអស់រយៈពេល៤២ឆ្នាំហើយ គឺចាប់តាំងពីមានបទពិសោធន៍ប៊ិះស្លាប់ម្តងកាលពីអាយុ៥ឆ្នាំ។ លោកបានពណ៌នាពីបទពិសោធន៍នោះថា វាហាក់ដូចជាអារម្មណ៍ដែលអណ្តែតនៅក្រៅរាងកាយ ហើយអាចមើលរូបរាងកាយរបស់អ្នកពីខាងក្រៅបាន ។ ហើយបទពិសោធន៍បែបនេះក៏អាចកើតមានតាមរយៈការធ្វើសមាធិបានផងដែរ ក្រុមអ្នកស្រាវជ្រាវបានហៅបាតុភូតុនោះ OBE (Out of Body Experience)។

ក្រោយពីមានការអះអាងដូចនេះ ក៏ដូចជាមានរឿងរ៉ាវជាច្រើនទាក់ទងទៅនឹងវិញ្ញាណនៅក្រៅខ្លួននេះ ថ្មីៗនេះអ្នកវិទ្យាសាស្រ្តក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវពីភាពដែលអាចទៅរួចបន្ទាប់ពីការស្លាប់ ក៏ដូចជាចង់រកឲ្យឃើញថាតើ ស្មារតី ឬ ព្រលឹង អាចត្រូវបានរក្សាទុកនៅក្នុងលោកធាតុបន្ទាប់ពីការស្លាប់ដែរឬទេ ។

សំនួរសួរថា “តើបទពិសោធន៍ព្រលឹងនៅក្រៅរាងកាយជារឿងពិតឬអត់” គឺជាសំនួរមួយដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមមនុស្សជាច្រើននាពេលថ្មីៗនេះ ហើយនៅពេលដែលដឹងថាអ្នកវិទ្យាសាស្រ្តចាប់ផ្តើមសិក្សារកការពិតថាតើព្រលឹងពិតជានៅក្រៅខ្លួនមែនឬយ៉ាងណានោះ ក៏កំពុងមានការចាប់អារម្មណ៍ខ្លាំងពីមនុស្សជាច្រើនផងដែរ។

អាថ៌កំបាំងនៅពីក្រោយOBE ត្រូវបានគេយកទៅពិភាក្សាដេញដោលនៅក្នុងសន្និសីទ Glastonbury Symposium ប្រចាំឆ្នាំលើកទី២៧ ដែលមានវត្តមានអ្នកស្រាវជ្រាវនិងអ្នកនិពន្ធជាច្រើនបានពិភាក្សាលើប្រធានបទជាច្រើនជ៉ំវិញបញ្ហានេះ។ ចំណែកឯលោក​ Acamesis ដែលមានវត្តមាននៅទីនោះ ក៏បាននិយាយពីរបៀបដែលលោកបង្រៀនពីការធ្វើឲ្យព្រលឹងនៅក្រៅខ្លួនដល់អ្នកដែលចាប់អារម្មណ៍ចំពោះបទពិសោធន៍បាតុភូតនេះ។

លោក Acamesis បានលើកឡើងពី Astral Projection ដែលជាការបំបែកព្រលឹងចេញពីរាងកាយហើយអាចធ្វើដំណើរឆ្លងកាត់ចក្រវាឡ។ វាស្តាប់ទៅគួរឲ្យចាប់អារម្មណ៍សម្រាប់មនុស្សមួយចំនួន ប៉ុន្តែមិនទាន់មានភស្តុតាងវិទ្យាសាស្រ្តដែលធ្វើការអះអាងចំពោះការធ្វើដំណើរនៃព្រលឹងនៅក្រៅរាងកាយនោះទេ។

លោក Acamesis​​ បានធ្វើការអះអាងស្ទើរមិនគួរឲ្យជឿថា លោកអាចរុករកនៅក្នុងអគារដោយប្រើការមើលពីចម្ងាយ និងមានសមត្ថភាពអាចឆ្លងកាត់ជញ្ជាំង។

ងាកមកចាប់អារម្មណ៍សម្ដីរបស់ Dr. Jim Tuccker អ្នកនិពន្ធសៀវភៅ “Life After Life: A Scientific Investigation of Children’s Memories of Previous Lives” វិញ គាត់ក៏បានលើកឡើងផងដែរថា ការចាប់ជាតិថ្មីគឺមានពិត ហើយក៏ធ្លាប់មានអ្នកជំនាញដែលធ្វើការសន្និដ្ឋានថា ព្រលឹងគឺមិនស្លាប់នោះទេ តែវាត្រឡប់ទៅកាន់ចក្រវាឡ ។

មនុស្សដែលបានអះអាងថាវិញ្ញាណនិងចេញពីខ្លួនបន្ទាប់រាងកាយបានស្លាប់ បានចេញមុខម្នាក់ម្ដងៗ ចំណែកឯអ្នកវិទ្យាសាស្ត្រក៏នៅតែរកភស្តុតាងច្បាស់លាស់ដើម្បីបញ្ជាក់ថានោះគឺជាការពិត ឬ គ្រាន់តែរឿងស្រមើស្រមៃ ខណៈដែលអ្នកវិទ្យាស្ត្រមួយចំនួនគ្រាន់តែបកស្រាយថានោះគឺគ្រាន់តែជាបាតុភូតុអារម្មណ៍ ។ ចុះតើអ្នកជឿទេថា វិញ្ញាណនឹងហោះចេញពីខ្លួនបន្ទាប់ស្លាប់ ហើយមនុស្សអាចនឹងចាប់ជាតិឡើងវិញបាន ?

ប្រភព៖ Ancient-Code