តាំងពីទសវត្សឆ្នាំ១៩៧០មក ស្ថានីយ៍វិទ្យុដ៏អាថ៌កំបាំងមួយ ដែលគេហៅថាវិទ្យុខ្មោច បានបញ្ចេញសម្លេងងូងៗចម្លែកជាមួយនិងកូដពាក្យ និងលេខដាច់ៗ ហើយវិទ្យុនេះផ្សាយសម្លេងចេញក្នុងកម្រិត4625 kHz។ គ្មាននរណាអះអាងថាជាអ្នកគ្រប់គ្រងស្ថានីយ៍វិទ្យុនេះទេ ហើយគោលបំណងពិតប្រាកដនៃស្ថានីយ៍វិទ្យុនេះក៏មិនទាន់មានការបញ្ជាក់ពីរដ្ឋាភិបាល​ ឬមន្រ្តីខាងផ្នែកផ្សាយវិទ្យុដែរ។

រហូតមកដល់បច្ចុប្បន្នគ្មានអ្នកណាដឹងថា អ្នកណាឬអ្វីដែលផ្សាយចេញនូវរលកសញ្ញាវិទ្យុនេះ ដែលធ្វើឲ្យមានទ្រឹស្តីជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ ដោយខ្លះថាវាចេញពីកន្លែងការពារសម្ងាត់របស់ទាហារូស្ស៊ី ហើយខ្លះថាជាសាររបស់ពួកមនុស្សភពចម្លែក (Alien)។

ស្ថានីយ៍នេះត្រូវបានគេស្គាល់ថាជា គ្រឿងរោទិ៍ផ្តល់សញ្ញា (Buzzer) UVB-76 ឬMDZhB ដែលសញ្ញាសម្លេងរបស់វាហាក់មានប្រភពពីស្ថានីយ៍អាថ៌កំបាំងនៅភាគកណ្តាលនៃតំបន់វាលល្បាប់ប្រទេសរូស្ស៊ីក្បែរទីក្រុង St. Petersburg ។ ប៉ុន្តែពីមុនគេគិតថាវាមានប្រភពចេញពីតំបន់ក្បែរ Povarovo ដែលស្ថិតនៅភាគពាយ័ព្យចម្ងាយ១០គីឡូម៉ែត្រពីទីក្រុងម៉ូស្កូ។ ជារួមទីតាំងនៃវិទ្យុនេះហាក់ត្រូវបានផ្លាស់ប្តូរជាញឹកញាប់ ដែលធ្វើឲ្យវានៅតែជាវិទ្យុអាថ៌កំបាំងដដែល។

ចាប់តាំងពីទសវត្សឆ្នាំ១៩៧០ វិទ្យុនេះបានផ្សាយចេញនូវសម្លេងយ៉ាងតិចបំផុតក៏ម្តងក្នុងមួយសប្តាហ៍ ដែលក្នុងនោះដំបូងលឺជាសម្លេងងូងៗ ហើយពេលដែលសម្លេងនេះឈប់ មានសម្លេងអាននូវកូដដែលរួមបញ្ចូលគ្នានូវលេខនិងឈ្មោះរូស្ស៊ី ប៉ុន្តែគ្មានអ្នកណាដឹងថាសារនោះមានន័យជាភាសារូស្ស៊ីថាយ៉ាងម៉េចនោះទេ។

យូរៗទៅ មនុស្សកាន់តែច្រើនឡើងចង់ដឹង និងស្វែងរកអាថ៌កំបាំងនៅពីក្រោយវិទ្យុអាថ៌កំបាំងនេះ ប៉ុន្តែមកដល់បច្ចុប្បន្ននៅតែគ្មានអ្នកណាអាចទម្លាយនូវអាថ៌កំបាំងនេះបាន។

វិទ្យុនេះបញ្ចេញសម្លេងងូងៗនេះប្រហែល ០.៨វិនាទី ហើយឈប់ប្រហែល១ទៅ១.៣ វិនាទី ហើយក៏បញ្ចេញសម្លេងដដែលពី២១​ទៅ៣៤ដងក្នុងមួយនាទី។ មួយនាទីមុនរាល់ម៉ោង សម្លេងដដែលនោះត្រូវជំនួសដោយសម្លេងជាប់ដែលមានរយៈពេលប្រហែល១នាទី បន្ទាប់មកត្រលប់ទៅដូចមុនម្តងទៀត។ ក្រៅពីនេះ ក្នុងចន្លោះពីម៉ោង 7:00 ទៅ 7:50 GMT វិទ្យុបញ្ជូនសម្លេងក្នុងកម្រិតទាប។ ជាមួយគ្នានេះ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត សម្លេងសារតាមវិទ្យុអាថ៌កំបាំងនេះកាន់តែត្រូវបានលឺញឹកញាប់ជាងមុនទៅទៀត។

សូមស្តាប់សម្លេងអាថ៌កំបាំងដែលផ្សាយចេញពីវិទ្យុនេះខាងក្រោម

ខណៈដែលមិនទាន់មានអ្នកណាអាចស្វែងរកនូវអាថ៌កំបាំងនៅពីក្រោយវិទ្យុនេះបាន មនុស្សជាច្រើននិយាយថា វាជាសកម្មភាពរបស់មនុស្សភពចម្លែកនៅតំបន់ដែលផ្សាយចេញនោះ ឬក៏ជាខ្មោចដែលបញ្ចេញនូវសម្លេង និងសញ្ញាដ៏ចម្លែកនេះ។

ប្រភព៖ Ancient-Code