នេះគឺជារឿងមួយដែលទាក់ទងទៅនឹងអាណាចក្រដ៏អាថ៍កំបាំងមួយដែលពោពេញទៅដោយមាស ហើយទីនោះផងដែរប្រៀបដូចជាឋានសួគា៍មួយដែលអ្នកផ្សងព្រេងទាំងឡាយប្រាថ្នាចង់ទៅ។

រឿងរ៉ាវដែលទាក់ទងទៅនឹងអាណាចក្រមួយនេះត្រូវបានគេយកទៅផលិតជាខ្សែរភាពយន្តជាច្រើនប៉ុន្តែគ្មាននរណាម្នាក់បានស្គាល់ច្បាស់ពីទីតាំងពិតនោះទេ ។ ហើយអាណាចក្រមាស EL Dorado នោះគឺជាចំងល់ដ៏ពិបាកដោះស្រាយមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវ។

El Dorado ឬទីក្រុងមាស Golden City ត្រូវបានគេប៉ានស្មានថាមានទីតាំងស្ថិតនៅក្នុងតំបន់អាងទឹកនៃព្រៃអាម៉ាស៊្សូនអាមេរិកខាងត្បូង ហើយវាត្រូវបានគេនិយាយថានៅទីនោះគឺពោពេញទៅដោយមាស។ នៅក្នុងសតវត្សន៍ទី១៥និងទី១៦ អ្នករុករកជនជាតិអេស្ប៉ាញម្នាក់ដែលមានឈ្មោះថា Francisco Pizarro បានធ្វើសញ្ជ័យទៅលើអាណាចក្រ Inca Empire ដោយបាននាំយកមាស និងរបស់មានតម្លៃជាច្រើនទៀតទៅកាន់ប្រទេសដែលជាស្រុកកំណើតរបស់ខ្លួន។

ប៉ុន្តែរឿងនេះហាក់ផ្ទុយស្រឡះពីរឿងនិទានមួយដែលទាក់ទងទៅនឹងមេទ័ព Sebastián de Belalcázar ។ នៅក្នុងរឿងនិទាននោះ Sebastián de Belalcázar គឺជាមេទ័ពរូបនេះដែលបានធ្វើសង្គ្រាមឈ្នះនៅអាណាចក្រ Inca នៃអាមេរិកខាងត្បូងហើយក៏ជាអ្នកដែលបង្កើតរាជធានី Ecuador សព្វថ្ងៃផងដែរ។

ទីក្រុងមាសនេះគឺពោពេញទៅដោយរតនសម្បត្តិជាច្រើនដូចជាមាសពេជ្រត្បូងជាដើម ។ ហើយត្បូងមរកតជាច្រើនដែលតូចៗប្រៀបដូចជាស៊ុតត្រូវមានវត្តមាននៅពាសពេញនៃទីក្រុងមាសនោះ ។ ស្តេចនៃទីក្រុងនោះបានធ្វើពិធីបូជាដល់អទិទេព ដោយធ្វើការការបាចមាសប្រាក់និងរបស់មានតម្លៃជាច្រើនចូលទៅក្នុងបឹង Guatavita ដូច្នេះហើយបានជា Sebastián de Belalcázar យល់ថាទីនោះពិតជាទីក្រុងមាសប្រាកដមែន។

Sebastián de Belalcázar បានធ្វើការស្រាវជ្រាវប៉ុន្តែមិនមានហេតុផលណាមួយបានបង្ហាញឡើងនោះទេ ។ ក្រោយមកនៅឆ្នាំ ១៥៣៦ មេទ័ពអេស្ប៉ាញមួយរូបឈ្មោះថា Gonzalo Jimenez de Quesada និងកងទ័ពរបស់គាត់ ក៏បានស្វែងរកផ្លូវដើម្បីរកផ្លូវទៅកាន់ទីក្រុងនោះ ។

ពួកគាត់បានធ្វើដំណើរចុះទៅភាគខាងត្បូងរហូតដល់បានជួបប្រជាជនក្នុងតំបន់នោះ ។ ប្រជាជនក្នុងតំបន់នោះបានប្រាប់ទៅកាន់ Quesada ថា ៖ ពួកគេទទួលបានមាសនិងរបស់មានតម្លៃជាច្រើនពីការធ្វើជំនួញជាមួយនិងកុលសម្ព័ន្ធអាថ៍កំបាំងមួយដែលស្ថិតនៅក្នុងព្រៃយ៉ាងជ្រៅ ។

លើសពីនេះទៅទៀតគេបានបន្តទៀតថាគេបានប្រទះឃើញបឹង Guatavita ដែលជាបឹងបុរាណដែលគ្រប់គ្នាធ្លាប់មាននិយាយនៅក្នុងរឿងព្រេងដែលគេជឿថាជាបឹងដែលស្តេចនោះបានទំលាក់ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ព្រះអង្គចូលទៅក្នុងបឹងនោះ ប៉ុន្តែវាមិនមែនជាទីក្រុងមាសនោះទេនេះបើតាមអ្នកស្រុកដើមដូច្នេះ Quesada ក៏បានបោះបង់ចោលការស្រាវជ្រាវនេះទៅ។

 

កាលពីរាប់រយឆ្នាំមុនមានក្រុមអ្នកផ្សងព្រេងដទៃទៀតជាច្រើនបានធ្វើដំណើរផ្សងព្រេងដើម្បីទៅយករតនសម្បត្តិទាំងនោះក៏ប៉ុន្តែគ្មាននរណាម្នាក់បានជួបវានោះទេ ទោះបីជាយ៉ាងណាក៏ដោយក៏មានអ្នកផ្សងព្រេងមួយចំនួនបានប្រទះនឹងដុំមាសដែលមានរាងប្លែកៗមួយចំនួនផងដែរប៉ុន្តែវាមិនទាន់មានហេតុផលគ្រប់គ្រាន់ដែលថាតំបន់នោះគឺជាទីក្រុង El Dorado នោះទេ ។

រហូតដល់ឆ្នាំ១៩៦៩ដោយមានការជីករករ៉ែមាសធម្មជាតិនៅក្នុងតំបន់បឹង Guatavita ស្ថិតក្នុងប្រទេសColombia ដោយពួកគេជីកបាននូវដុំមាសដែលមានរូបចម្លាក់នៃស្តេចដែលគេសន្មត់ថាជាស្តេចនៃទីក្រុងមាស The Golden City ឬEl Dorado ដែលមានបរិវានៅព័ទ្ធជុំវិញផងដែរ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះគឺនៅតែគ្មាននរណាអាចបញ្ជាក់អោយច្បាស់ថាទីក្រុងនោះនៅទីណានោះទេ។ ទីក្រុងមាសនេះនិងទីកន្លែងជាច្រើនទៀតដែលនៅតែជាអាថ៍កំបាំងដែលធ្វើអោយក្រុមអ្នករុករកស្រាវជ្រាវនិងក្រុមអ្នកបុរាណវិទ្យាបានដុតដៃយ៉ាងខ្លាំងនូវក្នុងសិក្សារស្រាវជ្រាវបន្ត៕

ប្រភព៖​ Amazing