បើនិយាយពីមនុស្សដែលអស្ចារ្យ គេមិនភ្លេចគិតដល់វេជ្ជបណ្ឌិតរូស្ស៊ី Leonid Rogozov នោះទេ។ នៅខែមិនា ឆ្នាំ១៩៦១ វេជ្ជបណ្ឌិត Rogozov និងបុរស១២នាក់ទៀតបានទៅដល់តំបន់អង់តាកទិកដើម្បីបំពេញការងារនៅទីនោះ។

នៅខែមេសា​ លោក Rogozov លោកចាប់ផ្តើមឈឺ ហើយដោយសារលោកជាគ្រូពេទ្យ លោកដឹងខ្លួនឯងថាលោកកើតរោគរលាកខ្នែងពោះវៀន ដែលជំងឺនេះនឹងធ្វើឲ្យលោកស្លាប់ប្រសិនបើមិនធ្វើការវះកាត់នោះទេ។

ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់នោះគឺថា លោក Rogozov ជាគ្រូពេទ្យតែម្នាក់គត់នៅទីនោះ ដូចនេះ ជម្រើសតែមួយគត់សម្រាប់លោក គឺត្រូវធ្វើការវះកាត់ព្យាបាលលើខ្លួនឯងដោយខ្លួនឯងផ្ទាល់។

លោកគ្រូពេទ្យ Rogozov បានចាប់ផ្តើមធ្វើការវះកាត់លើខ្លួនឯងដើម្បីកាត់យកចេញនូវខ្នែងពោះវៀន ដែលការវះកាត់នេះចំណាយពេល១ម៉ោង និង៤៥នាទី។ វាជាការវះកាត់ដ៏លំបាក ដោយភាគច្រើនលោកត្រូវស្ទាបប៉ះរកខ្នែងពោះវៀន ហើយកាត់វាចោល។

នៅក្នុងការវះកាត់នោះ លោក Rogozov ក៏មានជំនួយពីសមាជិកដែលនៅទីនោះពីរបីនាក់ដែរ។ ក្នុងពេលវះកាត់ លោកត្រូវសម្រាករយៈពេល៥នាទីម្តង ហើយនៅទីបំផុតលោកអាចកំណត់ទីតាំងខ្នែងពោះវៀន និងកាត់យកវាចេញដោយជោគជ័យ។ ប៉ុន្តែលោកក៏ត្រូវទ្រាំនឹងការឈឺចាប់មិនស្ទើរដែរ។

លោក Rogozov អាចត្រលប់ទៅធ្វើការវិញជាធម្មតានៅពីរសប្តាហ៍ក្រោយការវះកាត់របស់លោក។ ការវះកាត់នេះ ជាការវះកាត់លើខ្លួនឯងដែលជោគជ័យលើកដំបូងនៅក្នុងពិភពលោក។ លោកបានស្លាប់នៅអាយុ៦៦ឆ្នាំ នៅផ្ទះរបស់លោកនៅSt.Petersburg ក្នុងឆ្នាំ២០០០។

ប្រភព៖ Viralnova.com