​Alien គឺជារឿងរ៉ាវដ៏អាថ៍កំបាំងដែលធ្លាប់ត្រូវបានគេស្រាវជ្រាវតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នហើយនៅក្នុងការស្រាវជ្រាវនោះដែរគឺពួកគេទទួលបាននូវវត្ថុតាងមួយចំនួនដែលទាក់ទងទៅនឹងពពួកមនុស្សភពក្រៅ(Alien)ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមអ្នកស្រាវជ្រាវនៅតែមិនអាចសន្មត់បានថាមានមនុស្សភពក្រៅAlienនៅលើភពផែនដី១០០ភាគរយនោះទេ ។ ក៏ប៉ុន្តែបើយោងទៅតាមភស្តុតាងដែលបានរកឃើញមួយចំនួនគឺពួកគេអាចនិយាយបានថានៅអតីតកាលធ្លាប់មានពពួកមនុស្សភពក្រៅAlienមានជីវិតនៅលើភបផែនដី។ដូចជាការរកឃើញចម្លាក់ក្បាលដ៏ធំនិងអាថ៍កំបាំងនៅក្នុងព្រៃនៃប្រទេសGuatemalaនៅអាមេរិកកណ្តាលហើយចម្លាក់ក្បាលដ៏ធំនោះត្រូវបានអ្នកនៅទីនោះលើកឡើងថាត្រូវបានបង្កើតឡើងដោយពពួកមនុស្សក្រៅភពAlien។

រឿងរ៉ាវដែលទាក់ទងនិងពពួកAlienនិងចម្លាក់ក្បាលដ៏ធំនៅក្នុងព្រៃនៃប្រទេសGuatemalaត្រូវបានបង្ហាញជាសាធារណនៅថ្ងៃទី១៦ខែសីហាឆ្នាំ១៩៨៦ដោយអ្នកនិពន្ធOscar Rafael Padilla Laraដែលជាអ្នកជឿស៊ុបទៅនិងពពួកAlien។ដោយមានរូបភាពមួយសន្លឹកដែលបានបង្ហាញពីក្បាលចម្លាក់ដ៏ធំនិងអាថ៍កំបាំងមួយនៅក្នុងឆ្នាំ១៩៥០ក្នុងព្រៃនៃប្រទេសGuatemalaដែលចម្លាក់នោះមានលក្ខណៈស្រដៀងទៅនិងទំរង់មុខមនុស្សធម្មតា។ហើយរូបភាពនោះត្រូវបានថតតាំងពីយូលង់ណាស់មកហើយនិងម្ចាស់នៃរូបភាពនេះក៏បានស្លាប់ជាយូណាស់មកហើយដែរ។ហើយក៏គ្មាននរណាម្នាក់បានដឹងពីទីតាំងនៃចម្លាក់ក្បាលដ៏អាថ៍កំបាំងនោះដែរបន្ទាប់មករឿងរ៉ាវនេះគឺបានទាក់ចិត្តមនុស្សជាច្រើនជាពិសេសក្រុមអ្នកស្រាវជ្រាវ។

នៅពេលដែលរឿងរ៉ាវនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមទំព័រកាសែតគឺមានមនុស្សជាច្រើនបានបញ្ចេញមតិឬហៅចម្លាក់ក្បាលនោះថា ចម្លាក់ក្បាលថ្មនៃGuatemala(The stone Head of Guatemala)ដោយមានមនុស្សជាច្រើនបានលើកឡើងបន្ថែមទៀតថាចម្លាក់នោះគឺមិនមែនបង្កើតឡើងដោយមនុស្សនោះទេព្រោះចម្លាក់នោះបានបង្កើតឡើងដោយមានរបៀបរៀបរយនិងមត់ចត់ស្រស់ស្អាតហើយការរចនាគឺមានភាពល្អឥតខ្ចោះ។អ្វីដែលសំខាន់បំផុតនោះគឺចម្លាក់នោះមើលងើយឡើងទៅមេឃដូចជាកំពុងតែធ្វើការស្វាគមន៍ចំពោះអ្វីមួយប៉ុន្តែគ្មាននរណាម្នាក់អាចបញ្ជាក់ពីគោលបំណងនៃការងើយរបស់ចម្លាក់នោះបានទេ។

ដូចដែលបានលើកឡើងខាងលើអំពីចម្លាក់ក្បាលនៅក្នុងប្រទេសGuatemalaនេះគឺជារឿងរ៉ាវដ៏គួអោយចាប់អារម្មណ៍ខ្លាំងបំផុតចំពោះក្រុមអ្នកជំនាញខាងស្រាវជ្រាវនិងអ្នកបុរាណវិទ្យាជាច្រើននាក់។លោកDavid Hatcher Childressដែលជាអ្នកបុរាណវិទ្យាដ៏មានប្រជាប្រិយម្នាក់បានរុករកស្រាវជ្រាវពីអាថ៍កំបាំងជាច្រើននៅជុំវិញពិភពលោកនិងទទួលបានជោគជ័យច្រើនផងដែរ។ដោយគាត់បានលើកឡើងថាខ្ញុំមិនអាចស្វែងរកចម្លើយនៃអាថ៍កំបាំងនៅលើពិភពលោកនេះអស់ទេប៉ុន្តែបើស្វែងរកចម្លើយការពិតនៃចម្លាក់ក្បាលនេះគឺខ្ញុំអាចធ្វើបាន ហើយលោកក៏បានចំណាយពេលជាយូដើម្បីស្រាវជ្រាវរកទីតាំងនៃចម្លាក់ក្បាលនោះ រហូតមានការចង្អុលបង្ហាញទីតាំងពីគ្រួសារមួយ។

David Hatcherបានសំអាងឡើងថាខ្លួនគឺមានជាប់សាច់ឈាមជាមួយនិងអ្នកថតរូបចម្លាក់នោះហើយក៏មិនបង្អង់យូលោកក៏បានចេញដំណើរទៅកាន់ទីក្រុងLa democraciaដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសGuatemala។នៅពេលដែលគាត់ចាកចេញពីទីក្រុងប្រហែលជា១០គីឡូម៉ែត្រចូលទីក្នុងព្រៃគាត់ក៏បានប្រទះឃើញនូវចម្លាក់ក្បាលនៃGuatemalaនោះដូចបំណងមែនតែវាមិនបានធ្វើអោយគាត់រំភើបខ្លាំងនោះទេពីព្រោះតែចម្លាក់នោះគឺមានភាពបាក់បែកដោយសារតែលទ្ធផលនៃសង្គ្រាមនៅក្នុងប្រទេសរវាងកងទាហានរាជរដ្ឋាភិបាលនិងក្រុមបះបោលជាមួយនិងរដ្ឋាភិបាល។

លោកDavid Hatcherបានរកឃើញថាចម្លាក់នោះគឺបានធ្វើឡើងពីថ្មភក់និងមានកំពស់ប្រហែលពី៤ទៅ៦ម៉ែត្រដែលមានរូបរាងខាងក្រៅដ៏ស្រស់ស្អាត។លោកបានជឿថាចម្លាក់នេះគឺបានបង្កើតឡើងដោយក្រុមសាសនាMayaប៉ុន្តែលោកមិនអាចប៉ាន់ស្មានពីពេលវេលានៃការកសាងចម្លាក់នេះបានទេតែលោកបានលើកឡើងថាចម្លាក់នេះអាចនិងកសាងឡើងនៅចន្លោះឆ្នាំ១៨០០មុនគ្រឹស្តសករាជដល់ឆ្នាំ២៥០មុនគ្រឹស្តសករាជ។បន្ទាប់ពីបញ្ចប់ការចុះស្រាវជ្រាវនិងការសិក្សារទៅលើចម្លាក់នោះ លោកDavid Hatcherបានផ្សព្វផ្សាយរឿងរ៉ាវនៃការស្រាវជ្រាវអំពីចម្លាក់ក្បាលនោះជាសាធារណៈដែលសរសេរឡើងជាសៀវភៅដោយលោកផ្ទាល់។បន្ទាប់ពីនោះមកគ្មាននរណាអើរពើរចំពោះចម្លាក់នោះទៀតទេហើយក៏មិនមាននរណាដឹងច្បាស់ថាចម្លាក់នោះពិតជាកសាងឡើងដោយមនុស្សឬAlienនោះទេ គឺវាអាស្រ័យទៅលើការជឿរបស់ពួកគេរៀងៗខ្លួន៕

ប្រភព៖ Amazing