មេដឹកនាំផ្តាច់ការពេលខ្លះក៏មានភាពទន់ភ្លន់ដែរ ប៉ុន្តែជាទូទៅពួកគេព្យាយាមលាក់វាជាអាថ៌កំបាំង មិនឲ្យមហាជនបានដឹង និងឃើញ ព្រោះថាភាពទន់ភ្លន់ ឬទន់ខ្សោយនេះមិនមែនជាលក្ខណៈរបស់មេដឹកនាំផ្តាច់ការ។ យ៉ាងណាក៏ដោយ ការលើកឡើងពីភាពទន់ភ្លន់របស់មេដឹកនាំផ្តាច់ការទាំងនេះ មិនមែនមានន័យថា យើងការពារអ្នកផ្តាច់ការទាំងនេះទេ ហើយក៏មិនមែនមានន័យថា ភាពទន់ភ្លន់ទាំងនេះអាចបិទបាំងនូវភាពអាក្រក់ផ្តាច់ការឃោឃៅរបស់ពួកគេដែរ។ ចង់ដឹងថា ភាពទន់ភ្លន់របស់មេដឹកនាំផ្តាច់ការទាំង១០នាក់នោះ ជាអ្វីខ្លះ សូមអានខាងក្រោមទាំងអស់គ្នា។

  1. អាឌុលហ៊ីត្លែរ

លោក ហ៊ីត្លែ អាចរាប់បានថាជាអ្នកឃោឃៅ និងផ្តាច់ការបំផុតមួយក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែមានការនិយាយថា ហ៊ីត្លែមានចិត្តល្អបរិសុទ្ធចំពោះបុគ្គលិកស្រីម្នាក់ និងភរិយារបស់លោកឈ្មោះ Eva Braun ដែលស្រ្តីទាំងពីរនាក់នេះសុទ្ធតែបានធ្វើអត្តឃាតតាមលោកហ៊ីត្លែ។ គួរបញ្ជាក់ថា ហ៊ីត្លែធ្លាប់ព្យាយាមដើម្បីចូលរៀនក្នុងសាលាសិល្បៈ ប៉ុន្តែត្រូវសាលាបដិសេធ។ ប្រសិនបើពេលនោះសាលាមិនបដិសេធ ហើយហ៊ីត្លែមិនបោះបង់ក្តីស្រម៉ៃក្នុងការក្លាយជាសិល្បករ ប្រហែលជាលោកមិនក្លាយជាមេផ្តាច់ការទេមើលទៅ។

9.ហ្វីដែលកាស្រ្តូ (Fidel Castro)

លោកជាអតីតមេដឹកនាំផ្តាច់ការនៃប្រទេសគុយបា ហើយដែលបានគ្រប់គ្រងប្រទេសរបស់ខ្លួនប្រកបដោយភាពព្រៃផ្សៃ។ អំពើផ្តាច់ការព្រៃផ្សៃរបស់លោកផ្តើមចេញពីចេតនាល្អក្នុងការជួយប្រទេសគុយបា និងដកចេញនូវរបបមួយដែលពោរពេញដោយអំពើពុករលួយ ប៉ុន្តែលោកមិនអាចគ្រប់គ្រងបាន ក៏ក្លាយទៅជាការសម្លាប់ដោយគ្មានការកាត់ក្តីជាច្រើន ហើយការដឹកនាំរបស់លោកក៏កាន់តែមានលក្ខណៈផ្តាច់ការខ្លាំងឡើងៗ។ ពេលក្រោយមកលោកមានការស្តាយក្រោយចំពោះរបៀបនៃការដោះស្រាយបញ្ហារបស់លោក ហើយលោកមិនមានចេតនាគ្រប់គ្រងប្រទេសដោយកាំភ្លើងនោះទេ ប៉ុន្តែលោកបានបាត់បង់ជំនឿរបស់ខ្លួន ពេលដែលលោកកាន់អំណាច។

  1. ម៉ៅសេទុង

លោកជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអ្នកធ្វើឲ្យប្រទេសចិនមានលក្ខណៈដូចបច្ចុប្បន្ន។ ថ្វីបើលោកធ្វើឲ្យប្រទេសចិនក្លាយជារដ្ឋល្អមួយ តែរបៀបនៃការគ្រប់គ្រងរបស់លោកក៏មានលក្ខណៈផ្តាច់ការខ្លាំងដែរ។ ទោះបីលោកជាមនុស្សផ្តាច់ការ ពេញមួយជីវិតរបស់លោក លោកស្រលាញ់ការតែងកំណាព្យ ហើយក៏ធ្លាប់តែងកំណាព្យរ៉ូមែនទិកផងដែរ។

  1. Augusto Pinochet

លោកជាមេដឹកនាំប្រទេសឈីលីជិតពីរទសវត្ស ហើយក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក មានការសម្លាប់ និងធ្វើទារុណកម្មមនុស្សរាប់ពាន់នាក់។ ប៉ុន្តែកាលពីនៅក្មេង លោកជាក្មេងខ្លាចទឹក​ ខ្លាចរូបភាពមានចលនានៅក្នុងរោងមហោស្រព  ហើយជីវិតមានមនោសញ្ចេតនាច្រើន។ យ៉ាងណាក៏ដោយមិនដឹងជាអ្វីដែលធ្វើឲ្យលោកប្រែប្រួលក្លាយជាមនុស្សផ្តាច់ការ។ អាចនិយាយថានេះជាការជ្រើសរើសផ្លូវជីវិតរបស់លោក។

  1. Robert Mugabe

លោកព្យាយាមដណ្តើមយកប្រទេស Zimbabwe និងភាគច្រើនៃទ្វីបអាហ្វ្រិកពីការគ្រប់គ្រងរបស់ពួកស្បែកស។ លោកបានយកដីពីពួកស្បែកសដែលជាម្ចាស់ដី និងបង្កការបំផ្លាញយ៉ាងធំលើកសិកម្មដែលនេះបានរួមចំណែកដោយប្រយោលដល់ការស្លាប់របស់មនុស្សរាប់ម៉ឺននាក់រៀងរាល់ឆ្នាំ។ យ៉ាងណាក៏ដោយតាមលោក David Coltart ដែលលោក Mugabe ចាត់ទុកដូចជាសត្រូវនោះ​ បានលើកឡើងថា លោក Mugabe ក៏ជាបុរសម្នាក់ដែរ ដោយលោកMugabeបានបង្ហាញនូវការព្រួយបារម្ភផ្ទាល់ខ្លួនពីសុខភាពកូនស្រីឲ្យលោកស្តាប់ ហើយក៏ជាអ្នកផ្តល់ការលើកទឹកចិត្តដល់រូបលោកពេលដែលភរិយារបស់លោកស្លាប់ដែរ។

  1. Francisco Franco

លោកជាមេដឹកនាំផ្តាច់ការនៃប្រទេសអេស្ប៉ាញ ដោយបានកាត់ទោសសត្រូវរបស់ខ្លួនជាសាធារណៈជាច្រើន ហើយមានការជឿថាលោកក៏បានសម្លាប់មនុស្សរបស់ខ្លួនរាប់រយពាន់នាក់ដែរ។ តាមសៀវភៅចៅប្រុសរបស់លោក លោកFranco ជាមនុស្សដែលផ្តល់ការយកចិត្តទុកដាក់ និងស្រលាញ់ ហើយចូលចិត្តគូរគំនូរដើម្បីបញ្ចេញភាពស្រ្តេស។ ដូចនេះប្រសិនបើលោកមិនចូលក្នុងទាហានដូចគ្រួសារលោក ហើយទៅចូលរៀនសាលាសិល្បៈ នោះប្រហែលមិនមានរបបផ្តាច់ការនេះទេ។

  1. ប៉ុល ពត

លោកជាមេដឹកនាំរបបផ្តាច់ការ និងប្រល័យពូជសាសន៍នៅប្រទេសកម្ពុជា​ ដោយមានមនុស្សរាប់លាននាក់បានស្លាប់ក្នុងរបបដែលគ្រប់គ្រងដោយលោក។ មុនពេលដែលលោកក្លាយជាមេដឹកនាំផ្តាច់ការ លោកបានបង្រៀននៅសកលវិទ្យាល័យមួយ ហើយសិស្សរបស់លោកស្រឡាញ់ចូលចិត្តលោកដោយលោកជាមនុស្សល្អ។ នៅក្នុងពេលនោះ លោកបាននិយាយល្អជាច្រើនជាពិសេសទាក់ទងនឹងបដិវត្តន៍ ប៉ុន្តែនៅពេលដែលលោកចាប់ផ្តើមធ្វើនូវអ្វីដែលលោកគិត វាប្រែទៅជាអំពើព្រៃផ្សែទៅវិញ។

  1. Muammar Qaddafi

លោកជាមេដឹកនាំផ្តាច់ការដែលគ្រប់គ្រងប្រទេសដោយប្រើកណ្តាប់ដៃដែកជាច្រើនទសវត្ស។ យ៉ាងណាក៏ដោយ សម្រាប់គ្រួសាររបស់លោក លោកជាមនុស្សដ៏ល្អបំផុត និងទទួលបានការស្រឡាញ់យ៉ាងខ្លាំងពីភរិយា និងកូនៗរបស់លោក។ បើលោកជាមនុស្សស្រលាញ់គ្រួសារយ៉ាងនេះ លោកគួរតែមានវិធីគ្រប់គ្រងប្រទេសលីបយ៉ាល្អជាងនេះ។

  1. Saddam Hussein

លោកជាមេដឹកនាំផ្តាច់ការប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់មនុស្សជាច្រើន ដែលប្រឆាំងនឹងលោក ឬមិនស្មោះត្រង់នឹងលោក។ តាមគិលាននុបដ្ឋាកយិកាដែលមើលថែលោកនៅក្នុងពន្ធនាគារទាហាន បានឲ្យដឹងថា លោកជាមេផ្តាច់ការដែលសុខចិត្តទុកនំប៉័ងដែលជាអាហាររបស់ខ្លួនឲ្យជាចំណីដល់បក្សី និងស្រោចទឹកដល់ដើមឈើដែលត្រូវការការថែទាំ។

  1. Joseph Stalin

លោកជាមេដឹកនាំផ្តាច់ការគ្រប់គ្រងប្រទេសរូស្ស៊ីក្នុងអំឡុងសង្រ្កាមលោកលើកទី២ ហើយនយោបាយគ្រប់គ្រងរបស់លោកបានធ្វើឲ្យមនុស្សរាប់លានស្លាប់។ យ៉ាងណាលោកជាមនុស្សស្រឡាញ់ការតែងកំណាព្យ ហើយពេលនៅក្មេងលោកបានសរសេរកំណាព្យរ៉ូមែនទិកផងដែរ។

ប្រភព៖ Listverse