កាលពីយប់មិញ ព្រឹត្តិការណ៍ដែលហ្វេនៗរបស់សាំស៊ុងទន្ទឹងរង់ចាំពិតជាមិនបានធ្វើអោយខកបំណងមែន។Samsungបានបញ្ចេញកំពូលស្មាតហ្វូនត្រកូលNoteរបស់ខ្លួនឡើងវិញ បន្ទាប់ពីខកខានកើបលុយកាលពីឆ្នាំមុន។Galaxy Note8ពិតជាស្អាតខ្លាំង ទាំងការរចនារូបរាង ទាំងមុខទាំងក្រោយគឺស្ទើរតែរកកន្លែងទាស់គ្មាន។

សម្រាប់ការប្រៀបធៀបរវាងS8និងNote8វិញ វាស្ទើរតែគ្មានអ្វីខុសគ្នានោះទេ ក្រៅពីNote 8បានបន្ថែមកាមេរ៉ាមួយគ្រាប់ទៀតនៅកាមេរ៉ាខាងក្រោយ។កាមេរ៉ាភ្លោះដំបូងនៅលើកំពូលស្មាតហ្វូនរបស់Samsungវាធ្វើការដូចគ្នាបេះដាក់នឹងកាមេរ៉ារបស់ iPhone 7plusនិងទូរសព្ទ័ចិនមួយចំនួនទៀតដែរ គឺមួយសម្រាប់ថតរូបធម្មតានិងមួយទៀតសម្រាប់ពង្រីកដោយមិនបាត់បង់គុណភាពរូបព្រមទាំងជួយក្នុងការថតរូបព្រាលផ្ទៃខាងក្រោយផងដែរ។

ចូលមកដល់តម្លៃវិញ វាជាចំណុចដែលធ្វើអោយគ្រប់គ្នាពិចារណាច្រើន សម្រាប់អ្នកដែលធ្លាប់សង្ឈឹមថាSamsungទំនងជាទម្លាក់ថ្លៃS8 ដើម្បីលក់Note 8ក្នុងតម្លៃសមរម្យនោះគឺខុសទាំងស្រុង។S8+នៅតម្លៃជាង៨០០ដុល្លារដដែល ចំណែកឯNote 8មានតម្លៃរហូតដល់930ដុល្លារសម្រាប់ទីផ្សារអន្តរជាតិ ដែលវាអាចថាថ្លៃជាងនេះពេលមកដល់ខ្មែរឬថោកជាងនេះបន្តិចប៉ុន្តែគឺខ្ទង់៩ហើយ។

Note 8គឺល្អឥតខ្ចោះរបស់Samsungដើម្បីប្រមូលលុយដែលបាត់បង់ទៅវិញនៅឆ្នាំនេះ បញ្ហាគឺតម្លៃវាថ្លៃជាងS8 ខណៈគ្រប់យ៉ាងស្រដៀងគ្នា ខុសត្រង់ថាNote 8មានS PenនិងS8គ្មាន។ដូច្នេះសម្រាប់អ្នកចង់ទិញស៊េរីណាមួយគឺអាស្រ័យលើថាS Penពិតជាចាំបាច់សម្រាប់យើងចំណាយជាងមួយរយដុល្លារបន្ថែមឬអត់?

ប្រភព៖ Theverge