តើមនុស្ស និងវត្ថុអ្វីមួយបានបាត់ខ្លួនទៅយ៉ាងអាថ៌កំបាំងបានដោយរបៀបណា វាជាការរៀបចំរបស់នរណាម្នាក់ អភិនិហារ រឿងរ៉ាវិទ្យាសាស្ត្រ ឬ ក៏ទាក់ទងទៅនឹងមនុស្សក្រៅភព ។ នេះគ្រាន់តែជាការប៉ានស្មានប៉ុណ្ណោះ ប៉ុន្តែចម្លើយពិតនៅតែគ្មានមកដល់បច្ចុប្បន្ន ហើយនេះគឺជារឿងរ៉ាវការបាត់ខ្លួនដ៏អាថ៌កំបាំងទាំងនោះ ៖

សូមមេត្តាក៉ំចម្លងអត្ថបទរបស់គេហទំព័រ ចង់ដឹង យកទៅចុះផ្សាយលើគេហទំព័រខ្លួនដោយគ្មានការអនុញ្ញាតិ 

១ ការបាត់ខ្លួនរបស់ D.B Cooper ឧក្រិដ្ឋជនដែលបានប្លន់យន្តហោះ

កាលពីរសៀលមួយមុនថ្ងៃបុណ្យ Thanksgiving ក្នុងឆ្នាំ ១៩៧១ បុរសម្នាក់ដែលបានហៅខ្លួនឯងថា Dan Cooper  (ប៉ុន្តែសារព័ត៌មានបានសរសេរច្រឡំថា D.B Cooper ទើបគេប្រើឈ្មោះនេះរហូតទៅ) បានធ្វើដំណើរតាមជើងហោះហើរ​លេខ 305 របស់ជើងហោះហើរ Northwest Airlines ដោយធ្វើដំណើរពីទីក្រុង Portland  រដ្ឋ Oregon សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុង Seattle រដ្ឋ Washington DC សហរដ្ឋអាមេរិក ។ នៅពេលនោះគាត់បានស្លៀកពាក់ឈុតខ្មៅ ជាមួយនឹងក្រវ៉ាតកពណ៌ខ្មៅ និងមើលទៅដូចជាអ្នកជំនួញម្នាក់ ។

ខណៈពេលដែលយន្តហោះកំពុងហោះហើរគាត់ក៏បានបើកកាបូបដាក់ប្រាក់ ( brief case ) របស់គាត់ បង្ហាញ​គ្រាប់បែកទៅកាន់អ្នកបម្រើការយន្តហោះ ហើយក៏បានប្លន់យន្តហោះនោះបានសម្រេច ។ នៅពេលដែលយន្តហោះចុះចត់នៅទីក្រុង Seattle គាត់ក៏បានជំរិតទារប្រាក់ ២០ម៉ឺនដុល្លារ (ប្រហែល ១ លានដុល្លារលុយបច្ចុប្បន្ន) ឆ័ត្រយោងចំនួន ៤ និងអាហារបន្ថែមខ្លះដើម្បីឲ្យអាកាសយាន្តនិក ជាថ្នូរនឹងការដោះលែងអ្នកដំណើរទាំងអស់ ។

បន្ទាប់ពីទទួលបានប្រាក់រួច គាត់ក៏បានដោះលែងចំណាប់ខ្មាំងទាំងអស់ លើកលែងតែអាកាសយាន្តនិកបីរូបប៉ុណ្ណោះដែលមិនបានដោះលែង ហោះគាត់បានបញ្ជារឲ្យអាកាសយាន្តនិកហោះហើរចេញពីព្រលានយន្តហោះទៅភាគខាងត្បូងនៅក្នុងស្ថានភាពអាកាសធាតុមិនល្អ (ងងឹត និងមានភ្លៀងរលឹម) ។ នៅពេលយន្តហោះនោះហោះបាន ៤៥ នាទីគាត់ក៏បានបញ្ជារឲ្យអាកាសយាននិកទាំង ៣ នោះបើកទ្វា ហើយគាត់ក៏លោតចេញពីយន្តហោះនៅខណៈពេលដែលមេឃងងឹតឈឹងនោះជាមួយនឹងប្រាក់ ២០ ម៉ឺនដុល្លារនោះ ដោយនៅលើយន្តហោះបន្សល់តែក្រវ៉ាតកពណ៌ខ្មៅដែលគាត់ពាក់ និង ឆ័ត្រយោង ២ តែប៉ុណ្ណោះនៅលើកៅអីដែលគាត់អង្គុយ ។

ចាប់តាំងពីពេលនោះមកគាត់ក៏បានបាត់ខ្លួនជារឿងរហូត អ្នកខ្លះបានប៉ាន់ស្មានថាគាត់បានស្លាប់ ប៉ុន្តែនោះគ្រាន់តែជាការប៉ានស្មានតែប៉ុណ្ណោះពីព្រោះតែគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថាគាត់បានស្លាប់នោះទេ សូម្បីតែសាកសពក៏មិនត្រូវបានរកឃើញដែរ ។ ហើយការបាត់ខ្លួនរបស់ DB Cooper បានក្លាយជារឿងអាថ៌កំបាំងដែលមិនមាននរណាម្នាក់អាចបកស្រាយការពិតបាននោះទេ ។

ទោះយ៉ាងណាក៏ដោយកាលពីឆ្នាំ ១៩៨០ ក្មេងប្រុសម្នាក់ក៏បានរកឃើញប្រាក់មួយចំនួននៅលើឆ្នេរខ្សាច់នៅក្នុងប្រទេសកូឡ៉ំប៊ី ពេលដែលគេរត់លេងនៅទីនោះ ហើយក្រោយការត្រួតពិនិត្យបានរកឃើញថាប្រាក់ទាំងនោះគឺជាប្រាក់ដែល DB Cooper បានជំរិត ប៉ុន្តែប្រាក់ទាំងនោះគឺជាចំណែកដ៏តួចមួយតែប៉ុណ្ណោះ (៥ពាន់ដុល្លារ) ចំណែកឯងប្រាក់ផ្សេងទៀតក៏បាត់សូន្យឈឹងដូចជាគ្នា ។

២  ការបាត់ខ្លួនរបស់នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី Harold Holt ឆ្នាំ ១៩៦៧

វាជារឿងកម្រណាស់ដែលមានករណីបាត់ខ្លួននាយករដ្ឋមន្ត្រីបែបនេះ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ ១៩៦៧ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Harold Holt ត្រូវបានបាត់ខ្លួនខណៈពេលដែលគាត់ចុះហែលទឹកសមុទ្រ ហើយចាប់តាំងពីពេលនោះមកគ្មាននរណាម្នាកបានឃើញគាត់ទៀតនោះទេ បើទោះបីជាមានយុទ្ធនាការទ្រង់ទ្រាយធំស្វះស្វែងរកគាត់ជ៉ំវិញតំបន់នោះក៏ដោយក៏នៅតែមិនអាចស្វែងរកគាត់ឃើញ ។

ការបាត់ខ្លួនរបស់នាយករដ្ឋមន្ត្រីរូបនេះបានក្លាយទៅជាអាថ៌កំបាំងដែលគ្មានអ្នកណាអាចបកស្រាយបាន មនុស្សមួយចំនួនគិតថាការបាត់ខ្លួនរបស់លោកបានធ្វើអត្តឃាតខ្លួនឯង ឬក្លែងបន្លំការស្លាប់របស់គាត់ដើម្បីរត់គេចពីម្ចាស់បំណុលរបស់គាត់ ។ ប៉ុន្តែមនុស្សមួយចំនួនយល់ថាការបាត់ខ្លួននោះប្រហែលជាមកពីក្រុមនាវារបស់ចិន ឬ សូវៀតជាអ្នកចាប់ទៅ ហើយមនុស្សមួយចំនួនទៀតគិតថាគាត់ប្រហែលជាត្រូវពួកមនុស្សភពផ្កាយជាអ្នកចាប់ជំរិត ។

ប៉ុន្តែបើយោងតាមក្រុមអ្នកស្រាវជ្រាវមួយក្រុមបានប៉ានស្មានថា គាត់ប្រហែលជាបានលង់ទឹកស្លាប់ ពីព្រោះតែនៅពេលនោះស្ថានភាពសុខភាពរបស់គាត់មិនសូវជាល្អនោះទេ ចំណែកឯសាកសពរបស់គាត់ប្រហែលជាត្រូវហូរទៅតាមចរន្តទឹកដែលហូរខ្លាំងនោះនាំទៅកាន់កន្លែងណាមួយ ។

៣  ការបាត់ខ្លួនរបស់លោក Frederick Valentich

លោក Frederick Valentich ត្រូវបានបាត់ខ្លួននៅថ្ងៃអាទិត្យទី ២១ ខែ តុលា ឆ្នាំ ១៩៧៨ ។ បើយោងតាមឯកសារបានបង្ហាញថា ក្នុងកំឡុងពេលហោះហើរឆ្លងកាត់ប្រទេសអូស្ត្រាលីក្នុងការវឹងហាត់រយៈចម្ងាយ ២០០ គីឡូម៉ែត្រ បុរសវ័យ ២២ ឆ្នាំរូបនេះក៏បានការទាក់ទងទៅអ្នកគ្រប់គ្រងផ្លូវកាស់ទីក្រុង Melbourne ថា “ពេលនោះគាត់បានបើកក្នុងរយៈកំពស់ ៣០០ ម៉ែត្រ ហើយមានយន្តហោះកំពុងតែហោះពីលើយន្តហោះរបស់គាត់” ប៉ុន្តែមុនពេលបណ្ដាញទាក់ទងត្រូវកាត់ផ្ដាច់ គាត់ក៏បាននិយាយបែបភ្ញាក់ផ្អើលមួយម៉ាត់ចុងក្រោយថា “វាមិនមែនជាយន្តហោះនោះទេ” ។ បន្ទាប់ពីនោះមក ទាំងមនុស្សទាំងយន្តហោះបានបាត់ខ្លួនដោយគ្មានដានសូម្បីតែបន្តិច ។

បន្ទាប់ពីការបាត់ខ្លួនរបស់គាត់ប្រតិបត្តិការស្វែងរកនៅក្នុងសមុទ្រនិងដែនអាកាសត្រូវបានធ្វើឡើង។ ទោះជាយ៉ាងណាបន្ទាប់ពីការដើរល្បាតអស់ ១ពាន់ម៉ែត្រការ៉េ, កិច្ចខិតខំប្រឹងប្រែងនេះក៏ត្រូវបានបញ្ឈប់នៅថ្ងៃទី ២៥ តុលា ឆ្នាំ ១៩៧៨ ។ មន្រ្តីរដ្ឋាភិបាលអូស្រ្តាលីបានច្រានចោលការផ្តល់យោបល់ទាក់ទងនឹងការបាត់ខ្លួនទៅយ៉ាងអាថ៌កំបាំងរបស់លោក Valentich ។

៤  ការបាត់ខ្លួនរបស់លោក Percy Fawcett ឆ្នាំ ១៩២៥

 

បុរាណវិទូនិងជាអ្នករុករកជនជាតិអង់គ្លេសលោក Percy Fawcett រួមជាមួយកូនប្រុសច្បងរបស់លោក Jack និង មិត្តភក្តិ Raleigh Rimmell បានធ្វើដំណើរចូលទៅក្នុងព្រៃនៃប្រទេសប្រេស៊ីលដើម្បីស្វែងរក ” ” ដែលបានបាត់ស្រមោលអស់រយៈពេលរាប់រយឆ្នាំមកហើយ ។

» សូមចុចត្រង់នេះដើម្បីអានអត្ថបទអំពីទីក្រុងមាស 

ប៉ុន្តែចាប់តាំងពីពេលដែលពួកគាត់ចាក់ចេញដើម្បីស្វែងរកទីក្រុងមាសនោះ មិនមាននរណាបានឃើញគាត់ទៀតនោះទេ ។ គេក៏ធ្លាប់បានបញ្ចូនមនុស្សជាង ១០០ នាក់ឲ្យទៅស្វែករកពួកគាត់ដែរ ប៉ុន្តែនៅតែមិនអាចស្វែងរកឃើញ សូម្បីតែដានបន្តិចបន្តួចក៏គ្មានដែរ ។

៥ ការបាត់ខ្លួនរបស់កូនៗទាំង ៥ របស់លោក George Sodder

នៅយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៤៥ អគ្គិភ័យមួយបានឆាបឆេះផ្ទះរបស់លោកគ្រួសារលោក George Sodder ក្នងចំណោមសមាជិកទាំងអស់មានតែលោក George Sodder ភរិយាលោក និងកូនៗចំនួន ៤ នាក់ប៉ុណ្ណោះដែលបានរត់រួចចំណែកឯកូនៗ ៥ រូបផ្សេងទៀតមិនបានរត់រួចពីអគ្គិភ័យនោះទេ។ កូនៗទាំង ៥ នោះមាន Maurice អាយុ 14ឆ្នាំ,  Martha អាយុ 12ឆ្នាំ ;  Louis អាយុ 9 ឆ្នាំ,  Jennie អាយុ 8 ឆ្នាំ ; និង Betty អាយុ 5 ឆ្នាំ ។

ពួកគាត់ក៏បានគិតថាកូនទាំង ៥ នាក់នោះប្រហែលជាបានស្លាប់នៅក្នុងភ្លើងហើយ ប៉ុន្តែនៅពេលពន្លត់អគ្គិភ័យរួចក្រុមពន្លត់អគ្គិភ័យក៏បានចូលទៅស្វែងរកសាកសពរបស់មនុស្សទាំង ៥ នាក់នោះ ប៉ុន្តែពួកគេភ្ញាក់ផ្អើលជាខ្លាំងពីព្រោះមិនមានសាកសពដែលបានឆេះស្លាប់នៅក្នុងផ្ទះនោះទេ ។

ចាប់តាំងពីពេលនោះមក គ្មាននរណាបានឃើញវត្តមានរបស់កូនៗទាំង ៥ របស់លោក George Sodder ទៀតនោះទេ គេបានប៉ានស្មានថា ពួកគេទាំង ៥ នាក់ប្រហែលជាត្រូវបានគេយកចេញមុនពេលដែលភ្លើងឆេះសន្ធោសន្ធៅ ប៉ុន្តែបើដូច្នេះមែន ហេតុអ្វីក៏មិនបានដានពួកគេបែបនេះ ហើយបើពួកគេនៅរស់ហេតុអ្វីមិនមកជួបជាមួយនឹងឪពុកម្ដាយខ្លួន តើវាជាការចាប់ជំរិត ឃាតកម្ម ឬជាអ្វី? តើអ្វីជាអាថ៌កំបាំងនៅពីក្រោយរឿងនេះ រហូតមកដល់សព្វថ្ងៃគេនៅតែមិនទាន់អាចពន្យល់បានថាតើនៅពេលនោះមានរឿងរ៉ាវអ្វីឲ្យប្រាកដ ។

លោក George Sodder និងភរិយាក៏បានប្រកាសស្វែងរកកូនទាំង ៥ របស់លោក ដោយបានផ្ដល់រង្វាន់ជាទីគាប់ចិត្តដល់អ្នកដែលបានរកឃើញពួកគេផងដែរ ប៉ុន្តែអស់ជាច្រើនឆ្នាំនៅតែគ្មានដំណឹងពីពួកគេ រហូតដល់ ២០ ឆ្នាំក្រោយហេតុការណ៍នោះ លោក George Sodder ក៏ទទួលបានសំបុត្រមួយជាមួយនឹងរូបថតរបស់បុរសម្នាក់ដែលបានប្រាប់ថាខ្លួនគឺជា Louis នៅក្នុងសំបុត្រនោះគាត់បានសរសេរថា ៖

Louis Sodder
I love brother Frankie
Ilil boys
A90132 or 35

បន្ទាប់ពីទទួលបានសំបុត្រលោក George ក៏បានពឹងឲ្យប៉ូលិសជួយស៉ើបរកបុរសវ័យក្មេងរូបនោះ ប៉ុន្តែគួរឲ្យស្ដាយប៉ូលិសនៅតែមិនអាចរកឃើញបុរសរូបនោះដដែល បន្ទាប់ពីនោះលោក George ក៏បានបន្ថែមរូបបុរសវ័យក្មេងនោះនៅក្នុងផ្ទាំងប្រកាសរកកូនរបស់គាត់។

៦  ការបាត់ខ្លួនរបស់នាវិកនៃសំពៅមួយ

នៅក្នុងឆ្នាំ ១៨៧២ មួយខែបន្ទាប់ពីសំពៅ Mary Celeste ឬ Amazon ចេញដំណើរពីទីក្រុងញ៉ូយ៉ក ប្រធានក្រុមនាវិកនៅលើនាវានោះឈ្មោះថា David Morehouse បានឃើញ សំពៅមួយអណ្ដែតនៅដែនសមុទ្រដោយគ្មានគោលដៅ ។ ឃើញដូចនេះគាត់ក៏បានបញ្ជារឲ្យសំពៅតំរងទៅកាន់សំពៅដែលអណ្ដែតនោះ ហើយឲ្យក្រុមនាវិករបស់ខ្លួនចុះទៅមើលនៅលើសំពៅនោះ ។

នៅពេលចូលដល់សំពៅចំឡែកនោះ ក្រុមនាវិកបានភ្ញាក់ផ្អើលជាខ្លាំងដោយសារតែនៅលើសំពៅនោះគ្មានមនុស្សម្នាក់នោះទេ ហើយអ្វីដែលកាន់តែធ្វើឲ្យក្រុមនាវិកងឿងឆ្ងល់នោះគឺ នៅលើសំពៅគ្មានស្នាមធ្លាប់លិច ឬ វាយប្រហារនោះ ហើយស្បៀងនៅលើសំពៅក៏មានច្រើនដែលអាចឲ្យបរិភោគបានរហូតដល់ទៅ ៦ ខែ ហេតុអ្វីបានជាក្លាយជាសំពៅបោះបង់បែបនេះ តើនាវិកទាំងអស់បានបាត់ខ្លួនទៅណា ?

ឯកសារយោង ៖ toptenz , wtfintheworld និង Wikipedia