សម្រាប់ពេលខាងមុខ មនុស្សនឹងមិនត្រឹមតែប្រើនូវឧបករណ៍បច្ចេកវិទ្យាដូចជាការពាក់នៅលើក្បាល​ ឬនៅលើដៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់បញ្ចូលឧបករណ៍នោះទៅក្នុងរាងកាយដោយផ្ទាល់តែម្តង។ នេះជាចក្ខុវិស័យរបស់Sci-fi  Writer និងអ្នកដែលហៅខ្លួនឯងថា Futurist។ យ៉ាងណាក៏ដោយមិនចាំបាច់ដល់ពេលអនាគតនោះទេ ព្រោះបច្ចុប្បន្នមានមនុស្សមួយចំនួនដែលមានភាពក្លាហានក្នុងការធ្វើរឿងបែបនេះ ហើយដែលពួកគេបានហៅខ្លួនឯងថា Cyborg។ ពួកគេបានដាក់បញ្ចូលនូវឧបករណ៍បច្ចេកវិទ្យាទៅក្នុងរាងកាយរបស់ពួកគេដោយមូលហេតុផ្សេងៗគ្នា។

លោក Neil Harbisson

លោកNeil Harbisson បានកើតមកជាមួយនូវជម្ងឺងងឹតពណ៌ ដែលមិនអាចឲ្យលោកមើលឃើញពណ៌។ នៅឆ្នាំ២០០៤ លោក Neil Harbisson  ជាមួយនិងលោក Adam Montandon  បានបង្កើតនូវឧបករណ៍មួយមានឈ្មោះថា Eyeborg ដែលវាអាចបកប្រែពណ៌ទៅជាសំឡេង លេខភ្លេង ហើយបញ្ជូនទៅកាន់ខួរក្បាល។ តាមរយៈឧបករណ៍នេះ លោកអាចដឹងពីពណ៌បាន។ ដូចនេះហើយ លោកបានដាក់បញ្ចូលនូវឧបករណ៍Antenna នេះទៅក្នុងក្បាលរបស់លោក។ លោកបានបង្កើតមូលនិធិ Cyborg Foundation សម្រាប់អ្នកដែលត្រូវការការដាក់បញ្ចូលនូវឧបករណ៍បច្ចេកវិទ្យាក្នុងរាងកាយ។

លោក Amal Graafstra

លោកAmal Graafstra បានដាក់បញ្ចូល FRID chip ទៅក្នុងដៃរបស់លោក ដែលអ្នកអាចឃើញវានៅក្បែរមេដៃនៅក្នុងរូបថត X-ray។ លោកបានបង្កើតកម្មវិធីលើ Chip ហើយដាក់វាបញ្ចូលទៅក្នុងដៃ ដូចជាការបើកទ្វារឡាន បើកទ្វារផ្ទះ និងកុំព្យូទ័រ ដោយគ្រាន់តែបក់ដៃ។ តាមរយៈនេះ លែងមានបញ្ហាបារម្ភរឿងបាត់សោរ ឬភ្លេចលេខសម្ងាត់ទៀត។ លោកក៏បានបង្កើតក្រុមហ៊ុនឈ្មោះ Dangerous Things ដែលលោកនូវ Chips មានភ្ជាប់នូវកម្មវិធីផ្សេងៗសម្រាប់ដាក់បញ្ចូលក្នុងរាងកាយផងដែរ។

អ្នកសារព័ត៌មានបច្ចេកវិទ្យាAdi Robertson

នាងAdi Robertson បានដាក់បញ្ចូលនូវមេដែកនៅក្នុងម្រាមដៃសម្រាប់ពាក់ចិញ្ចៀន​ ឬម្រាមដៃនាង របស់នាង។ ក្រោយមកនាងបានទៅទិញ NFC chip ពីក្រុមហ៊ុនDangerous Things ហើយយកមកដាក់បញ្ចូលក្នុងដៃរបស់នាងដែរ។ មេដែកនោះអាចឲ្យនាងធ្វើកិច្ចការដូចជា ធ្វើឲ្យគម្របស្រាបៀរអណ្តែត ជាដើម។​ ចំណែក Chip ដែលនាងដាក់ក្រោយនោះមិនសូវជួយអ្វីបានច្រើននោះទេ។

សាស្រ្តាចារ្យ Kevin Warwick និងភរិយា

សាស្រ្តាចារ្យ Kevin Warwick ជាសាស្រ្តាចារ្យ Cybernetics  នៅសាកលវិទ្យាល័យUniversity of Readings ប្រទេសអង់គ្លេស ។ ខណៈពេលធ្វើការស្រាវជ្រាវលើដៃយន្តដើម្បីជួយមនុស្សដែលបាត់បង់ដៃ លោកបានធ្វើការពិសោធន៍លើខ្លួនឯង ដោយដាក់បញ្ចូលនូវឧបករណ៍ដែលភ្ជាប់ប្រព័ន្ធសរសៃប្រសាទទៅកាន់កុំព្យូទ័រដោយផ្ទាល់។ លោកអាចប្រើវាដើម្បីបញ្ជាលើភ្លើង ម៉ាស៊ីនកំដៅ និងកុំព្យូទ័រពីចម្ងាយ។ ចំណែកភរិយារបស់លោកក៏បានដាក់បញ្ចូលនូវឧបករណ៍នោះដែរ ដែលធ្វើឲ្យភរិយារបស់លោកក៏អាចបញ្ជាបានដូចគ្នា។

លោក Tim Cannon

លោក Tim Cannon បានបង្កើតនូវឧបករណ៍ដែលតាមដាននូវគ្រប់យ៉ាងដែលកើតមានលើខ្លួនមនុស្ស ដូចគ្នាទៅនឹងFitbitដែរ ប៉ុន្តែឧបករណ៍ (Circadia 1.0)នេះត្រូវដាក់បញ្ចូលនៅក្រោមស្បែក មិនមែនពាក់ដូច Fitbit ទេ។ គាត់អាចគ្រប់គ្រងវាជាមួយនិង tablet ហើយគាត់អាចភ្ជាប់វាទៅនឹងឧបករណ៍ផ្សេងទៀតនៅក្នុងផ្ទះរបស់គាត់។ គាត់បានលើកឧទាហរណ៍ថា ប្រសិនបើគាត់មានអារម្មណ៍ស្រ្តេសពេញមួយថ្ងៃ Circadia នឹងធ្វើការទំនាក់ទំនងទៅកាន់ផ្ទះរបស់គាត់ដើម្បីឲ្យវារៀបចំនូវបរិយាកាសល្អសម្រាប់លោកសម្រាកនៅពេលទៅដល់ផ្ទះ។

នាង​​ Choreography Moon Ribas

នាងបានដាក់ឧបករណ៍ចាប់សញ្ញានៅខាងក្រោយក្បាលរបស់នាង ដោយនៅពេលដែលមានមនុស្សដើរមកក្បែរនាងពីខាងក្រោយ ឧបករណ៍នេះនឹងញ័រ។ ឧបករណ៍នេះជារបស់ Cyborg Foundation ដែលហៅថា 360º sensory extension។

ឧបករណ៍ Speedborg

Cyborg Foundation បានបង្កើតនូវឧបករណ៍សម្រាប់ដាក់បញ្ចូលផ្សេងទៀតបន្ថែមលើ Eyeborg នោះគឺSpeedborg ដែលអាចឲ្យអ្នកដឹងនូវល្បឿនពិតប្រាកដនៃវត្ថុដែលមានចលនានៅពីមុខអ្នក។

ឧបករណ៍ Fingerborg

គម្រោងមួយទៀតរបស់ Cyborg Foundation គឺ Fingerborg ដែលប្រើដោយអ្នកដែលបាត់បង់ម្រាមដៃ។ វាជាម្រាមដៃជំនួសដែលមានបង្កប់កាម៉េរាតូចមួយនៅខាងក្នុង។

ប្រភព៖ Business Insider