មនុស្សជាច្រើនដែលធ្វើការងារនៅនឹងកន្លែងតែងប្រឈមនឹងការកើនទម្ងន់ដោយជៀសមិនផុត។ ការអង្គុយនៅនឹងតុធ្វើការជាច្រើនម៉ោង ផ្តល់នូវផលប៉ះពាល់ជាអវិជ្ជមានដល់រាងកាយរបស់អ្នក។ ខាងក្រោមនេះ នឹងធ្វើការបង្ហាញនូវមូលហេតុ៥យ៉ាង ដែលបណ្តាលឲ្យអ្នកកើនទម្ងន់នៅកន្លែងធ្វើការ។

ការញុំាដើម្បីក្រុមហ៊ុន បើទោះបីជាពេលដែលអ្នកមានអារម្មណ៍ថាឆ្អែតក៏ដោយ

ខួបកំណើតមិត្តរួមការងារ នំឃុកឃី និងនំខេកមិត្តរួមការងារធ្វើដោយខ្លួនឯងជាដើម សុទ្ធតែជាមូលហេតុដែលធ្វើឲ្យអ្នកកើនទម្ងន់។ ជារួមនៅពេលមិត្តរួមការងារ យកនំមកចែកអ្នកញុំានៅកន្លែងធ្វើការ គឺអ្នកពិបាកនឹងប្រកែកចំពោះទឹកចិត្តគេ។

អ្នកញុំាដោយមិនបានគិត

អ្នកមានផែនការសម្រាប់ការញុំារបស់ខ្លួនពេញមួយថ្ងៃ ដើម្បីរក្សាទម្ងន់ឲ្យល្អ ប៉ុន្តែនៅពេលអាហារថ្ងៃត្រង់ ភាពឃ្លានធ្វើឲ្យអ្នកពិបាកនឹងប្រកែកចំពោះការកម្ម៉ង់ហៅអាហារមកញុំាដូចជាភីហ្សាជាដើម ហើយអ្នកនឹងប្រាប់ខ្លួនឯងថា ចាំថ្ងៃក្រោយចាំញុំាតាមរបបអាហារដែលបានគិតទុក។

ពន្លឺ និងសីតុណ្ហភាពក្នុងបន្ទប់ធ្វើការធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លាន

បន្ទប់ដែលមានពន្លឺតិច ឬស្រទន់ ព្រមជាមួយនិងសីតុណ្ហភាពត្រជាក់ធ្វើឲ្យចំណង់ញុំាអាហាររបស់អ្នកកើនឡើង ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាឃ្លាន។ ដូចនេះ អ្នកគួរចេញដើរទៅក្រៅដើម្បីស្រូបពន្លឺថ្ងៃខ្លះ​និងស្លៀកពាក់ឲ្យមានភាពកក់ក្តៅ ដើម្បីកាត់បន្ថយចំណង់អាហារ។

ការធ្វើការជាច្រើនម៉ោង

ការធ្វើការយូរម៉ោងក៏មានឥទ្ធិពលលើទម្ងន់របស់អ្នកដែរ។ ប្រសិនបើអ្នកធ្វើការច្រើនម៉ោង នោះអ្នកនឹងមិនសូវហាត់ប្រាណ ហើយការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យអតុល្យភាពអរម៉ូនដែលគ្រប់គ្រងលើចំណង់អាហាររបស់អ្នក ដែលនេះនឹងបង្កើនភាពឃ្លានអាហាររបស់អ្នក។

ភាពស្រ្តេស និងការដល់កំណត់ពេលការងារ ធ្វើឲ្យមានសម្ពាធលើអ្នក

កម្រិតនៃភាពស្រ្តេសអាចជាមូលហេតុចម្បងមួយដែលធ្វើឲ្យអ្នកកើនទម្ងន់។ ភាពស្រ្តេសខ្ពស់បង្កើនកម្រិតអរម៉ូនCortisol ដែលបង្កើននូវចំណង់ជាតិខ្លាញ់ និងស្ករ។

ប្រភព៖ Brightside