កាលពីពេលថ្មីៗនេះរឿងរ៉ាវគំនូរគូសនៅឆ្នាំ ១៩៣០ មួយផ្ទាំង មានរូបបុរសជនជាតិឥណ្ឌាស្បែកក្រហមដែលជនជាតិដើមនៅអាមេរិកកាន់ស្មាតហ្វូននៅក្នុងដៃ បានធ្វើឲ្យសារព័ត៌មានល្បីជាច្រើនដូចជា Dailymail , Metro , The Sun ជាដើមមានចាប់អារម្មណ៍ និងចុះផ្សាយព្រោងព្រាត ។

បើយោងតាមការចុះផ្សាយរបស់ Dailymail បានឲ្យដឹងថាគំនូរមួយផ្ទាំងនោះត្រូវបានគូសក្នុងកំឡុងឆ្នាំ ១៩៣០ ដែលវាជាគំនូរបង្ហាញពីទិដ្ឋភាពរបស់លោក Mr. Pynchon និងការតាំងទីលំនៅនៅ Springfield ដែលវាការធ្វើអាណានិគមរបស់អាមេរិកទៅលើជនជាតិដើម ។

អ្វីដែលធ្វើមានការចាប់អារម្មណ៍ខ្លាំងពីគំនូរនោះគឺ ក្នុងគំនូរមានរូបបុរសជនជាតិឥណ្ឌាស្បែកក្រហមម្នាក់កំពុងតែកាន់របស់ម្យ៉ាងដែលមានរូបរាងដូចជាស្មាតហ្វូន ។ តាមរយៈកែវភ្នែកដែលសំឡឹងទៅកាន់វត្ថុនោះ ក៏ដូចជារបៀបនៃការកាន់ គេបានប៉ានស្មានថានោះពិតជាស្មាតហ្វូនពិតប្រាកដមែន ។

ប៉ុន្តែបើតាមសម្ដីរបស់ប្រវត្តិវិទូបានឲ្យដឹងថា វត្ថុអាថ៌កំបាំងនេះគឺជាកញ្ចក់មួយដែលត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងសតវត្សទី ១៧ ។

ប៉ុន្តែលោក Dr Bruchac បាននិយាយថាវាមើលទៅដូចជាកាំបិតច្រើនជាង តែលោកមិនហ៊ានអះអាង ១០០ ភាគរយនោះទេ ដោយសារតែគំនូរនោះជាប្រភេទគំនូរ “romanticized artistic genre” ដែលធ្វើឲ្យលោកពិបាកនឹងពន្យល់ ។

តើនោះគឺជាអ្វីឲ្យប្រាកដបានក្លាយជាសំនួរដែលគ្មានចម្លើយច្បាស់លាស់ ? អ្នកជំនាញខ្លះបានប៉ានស្មានថាវាគ្រាន់តែជាកាំបិតធម្មតា ឯខ្លះបានប៉ានស្មានថាវាគឺជាកញ្ចក់ ប៉ុន្តែខ្លះគិតថាវាជាស្មាតហ្វូន ។ បើសិនជានោះជាស្មាតហ្វូនមែនតើវាអាចទៅរួចដោយរបៀបណា ទាំងដែលយើងដឹងហើយថាសម័យកាលនោះមិនមានស្មាតហ្វូនទេ ។ តើវាពិតជាទាក់ទងទៅហ្នឹងការធ្វើដំណើរឆ្លងកាត់ច្រកទ្វាពេលវេលារបស់អ្នកវិភាគមួយចំនួនពិតប្រាកដមែនឬយ៉ាងណា ?