នៅលើពិភពលោកនេះ មានទន្លេជាច្រើនដែលខ្លះវែង ខ្លះខ្លី ហើយខ្លះតូច ខ្លះធំជាដើម។ ជាមួយគ្នានេះដែរ ការកំណត់ថា ទន្លេណាវែងជាងគេនោះក៏មិនមែនជាការងាយស្រួលដែរ ព្រោះថាគេត្រូវកំណត់ឱ្យបាននូវប្រភពនៃទន្លេទាំងនោះ ដែលជាទូទៅប្រភពទាំងនោះស្ថិតនៅទីតាំងដែលពិបាកចូលទៅដល់។ យ៉ាងណាក៏ដោយ ខាងក្រោមនេះ យើងសូមលើកមកបង្ហាញនូវទន្លេមួយចំនួនដែលត្រូវបានចាត់ទុកជាទន្លេវែងជាងគេបំផុតនៅលើពិភពលោក។

១. ទន្លេអាម៉ាហ្សូន ប្រវែង ៦.៩៦០គីឡូម៉ែត្រ (៤.៣២៥ម៉ាយ)

ជាទូទៅ គ្រប់គ្នាដឹងថាទន្លេអាម៉ាហ្សូនជាទន្លេដែលធំជាងគេក្នុងលោក ប៉ុន្តែការចាត់ទុកទន្លេនេះថាវែងជាងគេនោះ នៅមានភាពចម្រូងចម្រាសនៅឡើយ ព្រោះថាកន្លងមក គេចាត់ទុកទន្លេនីល នៅអេហ្ស៊ីប ថាជាទន្លេវែងជាងគេក្នុងលោក។ កន្លងមកគេកំណត់ថា ទន្លេ Apurímac ជាប្រភពនៃទន្លេអាម៉ាហ្សូន ប៉ុន្តែតាមការសិក្សាមួយនៅឆ្នាំ២០១៤ បានអះអាងពីប្រភពថ្មី (Cordillera Rumi Cruz) នៃទន្លេអាម៉ាហ្សូន។ តាមរយៈប្រភពថ្មីនេះ ធ្វើឱ្យគេអះអាងថា ទន្លេអាម៉ាហ្សូនជាទន្លេដែលវែងជាងគេក្នុងលោក ដោយមានប្រវែង ៦.៩៦០គីឡូម៉ែត្រ។

២. ទន្លេនីល ប្រវែង ៦.៨៥៣គីឡូម៉ែត្រ (៤.២៥៨ម៉ាយ)

ទោះបីមនុស្សជាច្រើនទទួលស្គាល់ទន្លេនីលជាទន្លេនៅអេហ្ស៊ីប តែតាមការពិតទៅ ទន្លេនេះជាទន្លេអន្តរជាតិដែលឆ្លងកាត់ប្រទេសចំនួន ១១ នៅទ្វីបអាហ្រ្វិក។ យោងតាម USGS ប្រវែងទន្លេនីលគឺ ៤.២៥៨ម៉ាយ ដែលនេះជាទន្លេវែងជាងគេបំផុតនៅអាហ្វ្រិក។

៣.​ ទន្លេ Yangtze ប្រវែង ៦.៣០០គីឡូម៉ែត្រ (៣.៩១៧ ម៉ាយ)

ទន្លេនេះហូរកាត់ប្រទេសចិនតែមួយប៉ុណ្ណោះ ប៉ុន្តែជាទន្លេដែលវែងជាងគេបំផុតនៅអាស៊ី។ មានការលើកឡើងពីប្រភពចំនួនពីរនៃទន្លេនេះ។ ជាទូទៅ រដ្ឋាភិបាលចិនចាត់ទុកដៃទន្លេ Tuotuo ដែលស្ថិតនៅភ្នំ Tanggula ជាប្រភពនៃទន្លេ Yangtze ។ ចំណែកតាមទិន្នន័យថ្មី ប្រភពនៃទន្លេ Yangtze ស្ថិតនៅភ្នំ Jari ។

៤. ទន្លេមីស៊ីស៊ីពី (Mississippi/Missouri) ប្រវែង ៦.២៧៥គីឡូម៉ែត្រ (៣.៩០២ ម៉ាយ)

ប្រព័ន្ធទន្លេនេះរួមបញ្ចូលនូវទន្លេ Mississippi, Missouri, Jefferson ដែលប្រព័ន្ធទន្លេនេះហូរឆ្លងកាត់រដ្ឋចំនួន ៣១ នៅសហរដ្ឋអាមេរិក និងខេត្តចំនួន២ នៅប្រទេសកាណាដា។

៥. ទន្លេ Yenisei/ Angara ប្រវែង ៥.៥៣៩ គីឡូម៉ែត្រ (៣.៤៤៥ ម៉ាយ)

នេះជាប្រព័ន្ធទន្លេដ៏ធំលំដាប់ទី៥ ដោយមានរួមបញ្ចូលទន្លេ Selenge ដែលហូរទៅបឹង Baikal ហើយបន្ទាប់មកទន្លេ Angara ហូរចេញពីបឹង Baikal កាត់តាម​ Irkutsk Oblast (នៅប្រទេសរុស្ស៊ី) រួចរួមគ្នាជាមួយទន្លេ Yenisei ។ ប្រវែងសរុបនៃប្រព័ន្ធទន្លេនេះគឺ ៣.៤៤៥ ម៉ាយ ។

ប្រភព៖ World Atlas