ខណៈដែលបច្ចុប្បន្ននេះ សង្រ្គាមឈ្លានពានដណ្តើមទឹកដី និងសង្រ្គាមលោកលែងមាន ឬត្រូវបានបញ្ចប់ទៅហើយក៏ដោយ ក៏ប្រទេសមួយចំនួននៅបន្តត្រូវបានហែកហួរដោយសង្គ្រាមស៊ីវិល ឬអស្ថិរភាពនយោបាយ ឬជម្លោះនៅក្នុងប្រទេស។ អ្នកគ្រប់គ្នាប្រាកដជាធ្លាប់ឃើញ និងលឺព័ត៌មានទាក់ទងនឹងសង្រ្គាមនៅក្នុងប្រទេសមួយចំនួន។ ខាងក្រោមនេះ យើងសូមលើកមកបង្ហាញនូវប្រទេសមួយចំនួន​ដែលត្រូវបានហែកហួរដោយសង្រ្គាមបំផុត។

ប្រទេសស៊ីរី

បច្ចុប្បន្ន ស្ថានភាពសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ដែលសង្រ្គាមនេះចាប់ផ្តើមពីការរាលដាលនៃបាតុកម្ម Arab Spring នៅស៊ីរី កាលពីឆ្នាំ២០១១ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ។

ប្រទេសអ៊ីរ៉ាក់

ប្រទេសអ៊ីរ៉ាក់ត្រូវរងនូវសង្រ្គាមជាច្រើនលើកច្រើនសារដូចជា សង្រ្គាមគ័រឌីស (Kurdish)- អ៊ីរ៉ាក់ លើកទី២ (1974–1975) សង្រ្គាមអ៊ីរ៉ង់–អ៊ីរ៉ាក់ (1980–1988) និងសង្រ្គាម Gulf War (1990–1991)។ ក្រោយមកនៅឆ្នាំ២០០៣ អាមេរិកបានចូលផ្តួលរំលំរដ្ឋាភិបាលលោក Saddam Hussein ហើយបន្ទាប់មកនៅឆ្នាំ២០១៤ គឺសង្រ្គាមស៊ីវិលដោយសារតែការលេចឡើងនូវ Islamic State of Iraq and the Levant (ISIL ឬដែលគេស្គាល់ថា ISIS)។

ប្រទេសអាហ្វហ្គានីស្ថាន

សង្រ្គាមនៅប្រទេសនេះចាប់ផ្តើមនៅឆ្នាំ២០០១ ពេលដែលអាមេរិកចូលកម្ចាត់ក្រុមតាលីបង់ (Taliban) ពីប្រទេសអាហ្វហ្គានីស្ថាន។ យ៉ាងណាក៏ដោយ ក្រុមនេះនៅតែបន្តយាយីប្រទេសនេះរហូតដល់បច្ចុប្បន្ន។

ក្រៅពីនេះប្រទេសមួយចំនួនទៀតដែលជួបប្រទះ ឬកំពុងជួបបញ្ហាសង្រ្គាម ឬអស្ថិរភាព បញ្ហាចលាចល និងអសន្តិសុខមានដូចជា ប្រទេសម៉ិចស៊ីកូ ប្រទេសសូម៉ាលី ប្រទេសនីហ្សេរីយ៉ា ប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបយ៉ា ប្រទេសប៉ាគីស្ថាន ប្រទេសអេហ្ស៊ីប សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រទេសយេមែន ប្រទេសអេត្យូពី និងប្រទេសអ៊ុយក្រែន ។

ប្រភព៖ World Atlas